បាត់ដំបង ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីបញ្ជាការយោធភូមិភាគទី៥ ខេត្ត បាត់ដំបង បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ ថ្ងៃបង្កើតយោធភូមិភាគ ទី៥ ថ្ងៃទី ២៨ ខែមិថុនា ១៩៨៨ ថ្ងៃទី។ពិធីអបអរសាទររំលឹកខួប៣០ឆ្នាំនៃថ្ងៃបង្កើតយោធភូមិភាគទី៥ នេះ ត្រូវបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការ ចូលរួមពីសំណាក់នាយទាហាន នាយទាហានរង និង ពលទាហាន យោធភូមិភាគទី ៥ ចំនួន ២០៨៨នាក់។
លោក ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ បានឱ្យដឹងថា ៖ យោធភូមិភាគទី៥ មានចំនួន៤ខេត្តរួមមាន៖ ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្ត បន្ទាយមានជ័យ។ ក្នុងរយៈពេល៣០ឆ្នាំ កន្លងទៅនេះ យោធភូមិភាគទី ៥ បានបង្កើតនូវស្នាដៃ ធំៗជាច្រើនជូនប្រទេសជាតិ ក្នុងកិច្ចការការ ពារសន្តិសុខ និង ការពារបូរណភាពទឹកដី ការងារ ហ្វឹកហ្វឺន ការកសាងអង្គភាពកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និង ការងារមនុស្សធម៌ និង កិច្ចការសង្គម ។
នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ ថ្ងៃបង្កើតយោធភូមិភាគទី៥ ថ្ងៃទី ២៨ ខែមិថុនា ១៩៨៨ ថ្ងៃទី ២៨ ខែមិថុនា ២០១៨ នាឱកាសនោះ យោធភូមិភាគបាន រៀបចំ ធ្វើក្បួនព្យុះហយាត្រា ដែលមានចំនួន ២៩ ផែន ដែលមានផែនដើរ ផែនគ្រឿងចក្រ បង្ហាញជូន ភ្ញៀវទស្សនាផងដែល ។
ថ្លែងទៅកាន់ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ ថ្ងៃបង្កើតយោធភូមិភាគទី៥ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវការកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហនរង និ ងពលទាហាន ក្នុងយោធភូមិភាគទី ៥ ទាំងអស់ ដែលក្នុងរយៈ ពេល ៣០ កន្លងមកនេះ បានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិមាតុភូមិ កម្ពុជា រហូត ដណ្តើមបាននូវស្នាដៃធំៗជាច្រើនជូនជាតិ មាតុភូមិ ។
សម្តេចបានជំរុញដល់នាយទាហាន នាយ ទាហានរង និងពលទាហាន យោធភមិភាគទី ៥ ទាំងអស់ត្រូវបន្តការពារឱ្យបាននូវសុខសន្តិភាព ហើយមិនថាកាលៈទេសៈណានោះទេត្រូវកំចាត់ចោលនូវរាល់បុគ្គលណា ដែលមានចេតនា ចង់ បំផ្លិតបំផ្លាញជាតិនោះ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញឱ្យគ្រប់បណ្តាអង្គភាព យោធភូមិ ភាគទី ៥ ត្រូវបន្តការកសាងធនធានមនុស្ស តាមរយៈការងារហ្វឹកហ្វឺន បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈកងទ័ព ដើម្បីឱ្យកងទ័ពកាន់តែមានសមត្ថភាពខ្ពស់ ក្នុងកិច្ចការបំពេញភារកិច្ចការពារជាតិមាតុភូមិ ។ ដោយយោធភូមិភាគទី ៥ បានដើរតួនាទីសំខាន់ក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសក្នុងពិធីនោះ អំពីការយកទីតាំងខេត្ត ប៉ៃលិន សំរាប់ធ្វើការសាងសង់វិមានឈ្នះ ឈ្នះ ដើម្បីទុកជានិមិត្តរូប នៃ សន្តិភាពទៅថ្ងៃអនាគត ។ ជាចុងក្រោយសម្តេចពិជ័យសេនា ទៀ បាញ់បានជំរុញដល់នាយ ទាហាន នាយទាហនរង និ ងពលទាហាន យោធភមិភាគទី ៥ ទាំងអស់ឱ្យទៅចូលរួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ របស់ប្រទេសអោយកាន់តែមានការរីកចំរើនទៅថ្ងៃអនាគត៕