ភ្នំពេញ ៖ នៅក្នុងសាលប្រជុំ ក្រសួងការពារជាតិ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ បាន ធ្វើពិធីប្រគល់ភារកិច្ចថ្មីជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនី យ៍ ឯក ហ៊ុន ម៉ាណែត ដោយមានការអញ្ជើញការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិកា អនុរដ្ឋលេខាធិកា ឯកឧត្តម អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង មេបញ្ជាការ យោធភូមិភាគ រួមទាំង នាយទាហាន មកពីក្រសួងការពារជាតិ និងអគ្គបញ្ជាការជាច្រើនរូប ក្រោមអធិបេតីភាព សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
លោក នាយឧត្តមសេនីយ៏ មាស សំអុល ប្រធាននាយកដ្ឋានបុគ្គលិក បានអាននូវប្រកាស ប្រគល់ភារកិច្ចថ្មី ជូនដល់ អង្គពិធី ទាំងមូលបានយល់ជ្រាប ដោយ ប្រគល់ភារកិច្ចអគ្គមេបញ្ជាការ ស្តីទី នៃកងយោធពលខេមរភូមិន្ទជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ប្រគល់ភារកិច្ច នាយសេនាធិការចម្រុះស្តីទីនៃខ.ភ.ម និងភារកិច្ចមេបញ្ជាការស្តីទីកងទ័ពជើងគោកជូន លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ កង យោធពលខេមរភូមិន្ទ មានការឯកភាពគ្នាជាធ្លុងមួយដើម្បីរក្សានូវសុខសន្តិភាពស្ថិរភាពនយោបាយ ដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដឹកនាំ មាតុភូមិកម្ពុជា ឱ្យមានការរីកម្រើនលើគ្រប់វិស័យដូចពេល បច្ចុប្បន្ននេះ៕