ខេត្តរតនគិរី ៖ បច្ចុប្បន្នសកម្មភាពជួញដូរ និងដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ខេត្តរតនគិរី នាំចេញទៅវៀតណាមតាមច្រកអន្តរជាតិព្រំដែនអូរយ៉ាដាវ កាន់តែគគ្រឹកគគ្រេងឡើងៗ ប៉ុន្តែលោក ថង សាវុន ជាអភិបាលខេត្ត រួមនិងមន្ត្រីជំនាញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមួយនេះ មិនអើពើករណីនេះទេ ដោយទុកឲ្យអ្នទាំងពីរ និងពួកឈ្មួញឈើធ្វើសកម្មភាពដឹកជញ្ជូនតាមតែក្បាលចិត្ត បើទោះបីជាមានការរិះគន់ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ។
ប្រភពព័ត៌មានពីច្រកព្រំដែនអូរយ៉ាដាវ បានអះអាងថា ឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាក់ក្បាលធំ ( ឈ្មោះហៅក្រៅ )គឺជាអ្នករត់ការផ្លូវកាងឈើឲ្យថៅកែវៀតណាមម្នាក់ (សូមលាក់ឈ្មោះទុកសិន) ក្នុងមួយតោនតម្លៃ៤០០ដុល្លារ ដោយឲ្យឈ្មោះ ទូច ជាអ្នកចេញមុខដឹកជញ្ជូនហើយឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាក់ក្បាលធំ គឺជាអ្នកនៅពីក្រោយខ្នង និងជាអ្នករត់ការសម្របសម្រួលជាមួយអាជ្ញាធរ មន្ត្រីជំនាញ រួមនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរហូតដល់ច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ។
ប្រភពដដែល បញ្ជាក់ថា ក្រៅពីកាងឈើល្មើសច្បាប់ ឈ្មោះ ហូវ ជីវ៉ៃ និងណាក់ក្បាលធំ នេះ មានឃ្លាំងសំរាប់ស្តុកឈើមួយកន្លែងនៅចំណុចក្បែរស្ពានស្រែពក ព្រំប្រទល់ទឹកដីខេត្តស្ទឹងត្រែង សម្រាបប់ធ្វើការផ្ទេរលើកដាក់រថយន្ត រួចដឹកជញ្ជូនបន្តទៅតាមផ្លូវជាតិលេខ៧៨ ឆ្លងកាត់ទីរួមខេត្តរតនគិរី មុខភ្នែកសមត្ថកិច្ចរាប់សិបឡាន និងរាប់សិបតោនក្នុងមួយថ្ងៃៗ ដោយបង្វែរពីដឹកតាមរថយន្តយីឌុបខ្នាតយក្ស មកដឹកតាមរថយន្តខ្នាតតូច ជាក់ស្តែងឬថយន្តទួរីសគ្រឿង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២AC : ០៩០៩ ។ ប្រភពបន្តថា ក្នុងមួយខែៗ ក្រុមនេះ អាចដឹកជញ្ជូនបានរាប់រយតោនឯណោះ ដោយឈ្មោះ ហូវ ជីវ៉ៃ និងណាក់ក្បាលធំ ត្រូវចំណាយថ្លៃរត់ការបើកផ្លូវមិនតិចជាង ២ម៉ឺនដុល្លារនោះទេ។
សូមបញ្ជាក់ផងដែរថា ឈើខាងលើនេះគឺត្រូវបានថៅកែឈ្មួញវៀតណាមម្នាក់ ប្រមូលទិញពីតំបន់មួយចំនួនក្នុងខេត្តរតនគិរី ដែលមានឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាក់ក្បាលធំ ចេញមុខរត់ការផ្លូវចាប់ពីចំណុចស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរីរហូតទៅដល់ទឹកដីវៀតណាម ដឹកចេញតាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនបំផុត ដោយមានការឃុបឃិតគ្នាពីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រំដែនក្នុងការប្រព្រឹត្តអំពើពុករលួយ ។
ប្រភពដដែលនេះ ក៏បាមនិយាយរិះគន់លោកអភិបាលខេត្តរតនគិរី ថង សាវុន យ៉ាងធ្ងន់ៗដែរថា រឿងបទល្មើសព្រៃឈើ លោកអភិបាលខេត្តរូបនេះ រឹងត្រគាកស្តូកមិនអើពើទេ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងចាត់វិធានការនានាដើម្បីទប់ស្កាត់ ឬបង្ក្រាបបែបណាក៏ដោយ។
ពាក់ព័ន្ធនឹងការលើកឡើងពីករណីខាងលើ លោក ហូវ ជីវ៉ៃ និង ណាក់ក្បាលធំ មិនអាចសុំការបំភ្លឺបានទេ ព្រោះខលមិនចូល៕