ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានធ្វើការព្រមានជាមួយ នឹងវិធានការផ្លូវវច្បាប់ ដែលទំនងជាបានរៀបចំរួចជាស្រេចក្នុងការចាប់ខ្លួនជនទាំងឡាយណាដែលដើរខ្សឹប ឬបង្ហោះហ្វេសប៊ុក ថាទឹកខ្មៅជ្រលក់ដៃពេលបោះឆ្នោត នឹងធ្វើឲ្យមនុស្សស្លាប់ក្នុងរយៈពេល២៤ម៉ោងក្រោយពេលជ្រលក់។ នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ហៅស្ពានអាកាស ស្តុបផ្សារដីហ៊ុយ កែងផ្លូវហាណូយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី២ ខែកក្កដា នេះ។
សម្តេចតេជោ ហ៊ុន សែន បានទម្លាយពីផែនការមួយរបស់ក្រុមបំពុលតាមហ្វេសប៊ុក ដែលថា ការបោះឆ្នោតជាតិនាពេលខាងមុខ នឹងមានទឹកថ្នាំជ្រលក់ដៃ២ប្រភេទ ដែលក្នុងនោះនឹងមានទឹកថ្នាំដែលជ្រលក់ហើយបណ្តាលអោយស្លាប់ក្រោយរយៈពេល២៤ម៉ោង។ សម្តេចតេជោ បានប្រកាសថារដ្ឋាភិបាលនឹងមានវិធានការចាប់អ្នកនិយាយបំពុលទាំងនោះ ដោយបច្ចុប្បន្នកម្ពុជា មានក្រុមចារកម្ម និងម៉ាស៊ីនដែលអាចរកទីតាំងអ្នកប្រើហ្វេសប៊ុក លំអៀងតែ២ម៉ែត្រកន្លះ ដោយប្រើរយៈពេលស្វែងរកត្រឹម៦នាទី ប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ថ្ងៃនេះ ខ្ញុំមានរឿងមួយនិយាយទៅកាន់ប្រជាជន ដោយនាព្រឹកនេះ មានការឆបោកដែលឈានដល់ឧក្រិដ្ឋកម្ម គឺ គេថានៅពេលបោះឆ្នោតខាងមុខ មានទឹកថ្នាំជ្រលក់ដៃ២ប្រភេទ គឺទី១ជាទឹកថ្នាំធម្មតា និងទី២ជាទឹកខ្មៅ ដែលក្រោយជ្រលក់ដៃរយៈពេល២៤ម៉ោង នឹងស្លាប់ ។ នេះជាបទល្មើសមួយ មិនមែនជាសិទ្ធិបញ្ចេញមតិទេ សូម គ.ជ.ប. ចាត់វិធានការរឿងនេះ! ប៉ុន្តែពិតប្រាកដគឺរដ្ឋាភិបាល ជាអ្នកចាត់ការរឿងនេះ អ្នកឯងត្រូវដឹងថាឧបាយកលនេះគឺបំផ្លាញជាតិ តែខ្ញុំនឹងមិនអោយកើតមានដូចនេះឡើយ។
នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ៗថា សូមផ្តាំទៅអាអ្នកព្រហើនថា ផែនការអ្នកឯងគេគ្រប់គ្រងបានហើយ ត្រូវប្រើវិធានការចាប់ទាំងអាអ្នកដើរខ្សឹបទាំងអ្នកបង្ហោះហ្វេសប៊ុក ដែលបំពុលប្រជាជនតាមវិធីនេះ។សូមអំពាវនាវប្រជាពលរដ្ឋជួបចាប់អ្នកដើរខ្សឹប ចំណែកផ្នែកចារកម្ម ត្រូវបញ្ចេញម៉ាស៊ីនតាមចាប់អ្នកប្រើហ្វេសប៊ុកដែលនិយាយបំពុលទាំងនោះ ព្រោះកម្ពុជា មានម៉ាស៊ីនដែលមានសមត្ថភាពរកទីតាំងលំអៀងតែ២ម៉ែត្រកន្លះប៉ុណ្ណោះ ដោយប្រើរយៈពេល៦នាទី៕