ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា និងអង្គការតម្លាភាពកម្ពុជាបានសហការរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើម ស្តីពី ការសរសេរអត្ថបទបង្ហាញអំពើពុករលួយ នៅកម្ពុជា។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ គឺជាថ្ងៃផុតកំណត់ សម្រាប់ការដាក់អត្ថបទចូលរួមប្រកួតប្រជែង។ អត្ថបទលេខ១ នឹងត្រូវទទួលរង្វាន់ជាទឹកប្រាក់ចំនួន ១២០០ដុល្លារ និងមានឱកាសទៅចូលរួមសន្និសីទ លើកទី១៦ ស្តីពី ការប្រឆាំងអំពើពុករលួយ ដែលរៀបចំដោយអង្គការតម្លាភាពអន្តរជាតិ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងខែកញ្ញា។
ដំណឹង នៃការប្រកួតប្រជែងអត្តបទរបស់អ្នកកាសែត ដើម្បីប្រជែងយកពានរង្វាន់អ្នកសារព័ត៌មានឆ្នើម ពាក់ព័ន្ធនឹងអំពើពុករលួយ ត្រូវបានប្រកាស កាលពីព្រឹកថ្ងៃទី២៤មេសានេះ នៅក្លឹបអ្នកកាសែតកម្ពុជា។ ក្លឹបអ្នកកាសែតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា បានសហការ រៀបចំកម្មវិធីប្រកួតប្រជែង ដែលនឹងផុតកំណត់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥។
លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃ២៤មេសានេះថា ការប្រកួតយកពានរង្វាន់អ្នកសារព័ត៌មានឆ្នើម ស្តីពី អំពើពុករលួយ មានគោលបំណង លើកទឹកចិត្តអ្នកសារព័ត៌មានកម្ពុជា ឲ្យមានការសរសេរពីអំពើពុករលួយ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែច្រើនឡើង ក៏ដូចជា ផ្តល់ជូនស្នាដៃដល់ភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់អ្នកសារព័ត៌មាន ដែលបានលាតត្រដាង ពីការរំលោភបំពានផ្នែកអំណាច។
តាមលោក ព្រាប កុល ការប្រកួតនេះ គឺបើកទូលាយដល់អ្នកសារព័ត៌មានកម្ពុជា ដែលមានស្ថាប័នពិតប្រាកដ និងអ្នកសារព័ត៌មាន មិនមានស្ថាប័នពិតប្រាកដធ្វើការដោយឯករាជ្យ ទាំងនៅផ្នែកបោះពុម្ពផ្សាយ កាសែត និងទស្សនាវដ្តី និងតាមរលកអាកាសវិទ្យុ និងទូរទស្សន៍ ព្រមទាំងអ្នកសារព័ត៌មានអនឡាញ ឬគេហទំព័រ អ្នកសរសេរព័ត៌មានបង្ហោះតាមបណ្តាញប្លុក។ ប៉ុន្តែអ្នកសារព័ត៌មានបរទេស មិនអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ។
រីឯលោក គី សុខលីម សមាជិកគណៈកម្មាធិការនាយករបស់ក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា អត្ថបទដែលនឹងត្រូវដាក់ចូលប្រកួតប្រជែង ត្រូវតែបរិយាយអំពីពុករលួយ ដែលអាចជាអត្ថបទស៊ើបអង្កេត ឬលាតត្រដាងពីផលប៉ះពាល់នៃអំពើពុករលួយរបស់បុគ្គល របស់ក្រុម ឬរបស់ស្ថាប័ន ដែលនាំឲ្យអន្តរាយទាំងបុគ្គល និងសង្គម។
នៅថ្ងៃទី១៥ ខែមិថុនា ជាថ្ងៃផុតកំណត់សម្រាប់ការដាក់អត្ថបទចូលរួមប្រកួតប្រជែង។ អត្ថបទនោះ ត្រូវតែជាអត្ថបទ ដែលត្រូវបានផ្សាយរួចហើយ នៅចន្លោះពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥។ អ្នកកាសែតម្នាក់ អនុញ្ញាតឲ្យដាក់អត្ថបទដ៏ល្អបំផុតចំនួនមួយប៉ុណ្ណោះ សម្រាប់ការចូលរួមប្រកួតនេះ។
លោក ព្រាប កុល បញ្ជាក់ថា អត្ថបទលេខ១ ល្អបំផុត នឹងត្រូវទទួលរង្វាន់ ជាទឹកប្រាក់ចំនួន ១២០០ដុល្លារ និងមានឱកាសទៅចូលរួមសន្និសីទលើកទី១៦ ស្តីពី ការប្រឆាំងអំពើពុករលួយ ដែលរៀបចំដោយអង្គការតម្លាភាពអន្តរជាតិ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ៕RFI
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា នៅក្នុងសន្នីសីទព័ត៌មាន@TIC