ជប៉ុន ៖ ប្រទេសជប៉ុន នឹងបញ្ជូននាវាដឹកឧទ្ធម្ភាគចក្រធំមួយគ្រឿង ទៅកាន់សមុទ្រចិនខាងត្បូង និង មហាសមុទ្រឥណ្ឌា ជាលើកទីពីរ ខណះដែលប្រទេសនេះស្វែងរកការបង្កើនវត្តមាន នៅក្នុងតំបន់ដែន ទឹកយុទ្ធសាស្ត្រ ជាមួយការធ្វើដំណើរទស្សនកិច្ចប្រចាំឆ្នាំ។
នាវាកាហ្គា ប្រវែង ២៤៨ម៉ែត្រ ដែលអាចផ្ទុក ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ក្នុងពេលដំណាល គ្នា នឹងបញ្ឈប់ដំណើរនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដូចជាប្រទេសឥណ្ឌូនេស៊ី និង នៅកំពង់ផែ ក្នុង ប្រទេសឥណ្ឌា និងប្រទេសស្រីលង្ការ ហើយដំណើរទស្សនកិច្ចនេះ នឹងចាប់ផ្តើមនៅក្នុងខែកញ្ញា។
នាវា កាហ្គា នឹងត្រូវបានអមដំណើរដោយ នាវាអមការពារមួយគ្រឿង អាចធ្វើសមយុទ្ធរួមគ្នា ជាមួយនាវាចម្បាំង មកពីតំបន់ផ្សេងៗនៅក្នុងតំបន់។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសជប៉ុន បានបញ្ជូននាវាអ៊ីហ្សូម៉ូ ទៅក្នុងដំណើរទស្សនកិច្ចស្រដៀងគ្នានេះ ទៅកាន់សមុទ្រចិនខាងត្បូង និងមហាសមុទ្រឥណ្ឌា។ ការបង្កើនវត្តមាន របស់ជប៉ុននៅក្នុងដែនទឹកទាំងនោះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភ ដែលបានចែករំលែកជាមួយសហរដ្ឋអាមេរិក អំពីវត្តមានយោធារបស់ប្រទេសចិន នៅក្នុងតំបន់ ដែលឆ្លងកាត់ផ្លូវពាណិជ្ជកម្ម មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ជប៉ុន និងសហរដ្ឋអាមេរិក៕