បញ្ចាំ​ដីស្រែ​ជាង​២​ម៉ឺន​ដុល្លារ មិនទាន់​សងលុយ​ផង​រឹបអូស​យក​ដី​វិញ​(video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ជា​ម្ចាស់​លុយ​បាន​រងរបួស​ស្នាម ដោយសារតែ​ម្ចាស់​ស្រែដែលជាកូនបំណុលបាន​វាយ​ប្រតាយប្រតប់ ខណៈដែល​ភាគី​ម្ចាស់​ស្រែ​បានដាក់​បញ្ចាំ​អោយ​ម្ចាស់​លុយ​ចំនួន​២២.០០០​ដុល្លា មិនទាន់បាន​សងលុយ​មួយ​រៀល​ផង ហ៊ាន​ទៅ​ដណ្តើមយក​ស្រែ​ពី​ម្ចាស់​លុយ​មកវិញ​ទាំង​បំពាន កាលពីដើម ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​។ នេះ​បើតាម​ការអះអាង​បញ្ជាក់​របស់​ម្ចាស់បំណុល​។​

​បើតាម​សម្តី​របស់លោក វ៉ែន ចាន់ អាយុ​៥៣​ឆ្នាំ ជា​មន្ត្រីរាជការ និង​ប្រពន្ធ​ឈ្មោះ​ជា ពៅ អាយុ​៥០​ឆ្នាំ ជា​មេផ្ទះ រស់នៅក្នុង​ភូមិ​អូរ​ក្រោម ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ប្រាប់​អោយដឹងថា រូបលោក និង​ប្រពន្ធ​ទទួល​បញ្ចាំ​យក​ស្រែ​ចំនួន​៣ បូក​ជាមួយ​កូន​ស្រែ​តូច​(​អំពក​ផ្គួប​គ្នា ធ្វើជា​ស្រែ​ចំនួន​៣) ពី​ឈ្មោះ បូ អាន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ ហង់ ចាន់ថុល អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ជាមួយគ្នា ក្នុងតម្លៃ ២២.០០០​ដុល្លារ​អាមេរិក ដោយ​មិនមាន​លក្ខខណ្ឌ​កំណត់​កាលបរិច្ឆេទ​ខែ ឆ្នាំ​អ្វី​នោះឡើយ ដោយសារតែ​គិតថា ជា​អ្នកស្រុក​ជាមួយគ្នា គឺ​លុះត្រាតែ​ភាគី​ខាង​ម្ចាស់​ស្រែ​មាន​លុយ​សង​គ្រប់​ទើប​មាន​សិទ្ធិ​អាច​យក​ស្រែ​នោះ​ទៅធ្វើ​វិញ​បាន ដោយមាន​ការទទួល​ដឹងឮ​ពី​មេភូមិ មេឃុំ ថែម​ទៀតផង គឺ​នៅ​ឆ្នាំ​២០១៥​កន្លងទៅ​។ លោក វ៉ែន ចាន់ បាន​បន្តទៀតថា បន្ទាប់ពី​បានធ្វើ​កិច្ចសន្យា​ដាក់បញ្ចាំ​ស្រែ​ចំនួន​៣ ស្មើនឹង​ប្រាក់ ២២.០០០​ដុល្លារ​រួចមក លោក​ក៏បាន​ប្រើប្រាស់​ដី​នេះ​ដោយ​ធ្វើ​ស្រូវ​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦ សរុប​បាន​ចំនួន​២​ឆ្នាំ​។

​លោក វ៉ែន ចាន់ ម្ចាស់​លុយ​បាន​និយាយ​អោយដឹងទៀតថា ស្រាប់តែ​អំឡុងពេល​ខែឧសភា ឆ្នាំ​២០១៧ លោក​បាន​ចុះទៅ​ភ្ជួរស្រែ គោលបំណង​ធ្វើស្រែ​ស្រូវ​តទៅទៀត ស្រាប់តែ​ឈ្មោះ បូ អាន និង​កូនប្រុស​ម្នាក់ មកឃាត់​រូបលោក ដោយ​និយាយថា អត់អោយ​អ្នកឯង​មក​ធ្វើស្រែ​នេះ​តទៅទៀត​ទេ ដោយសារតែ​ជា​ដី​កេរ្តិ៍ដំណែល​របស់​ដូនតា​គេ​ទៅវិញ​។ ខណៈនោះ គាត់​(​វ៉ែន ចាន់​) ក៏បាន​ឆ្លើយតប​វិញ​ថា ចុះ​ក្រែង បូ អាន ឯង​ដាក់​ស្រែ​នេះ យកលុយ​ខ្ញុំ​ចំនួន​២២.០០០​ដុល្លារ ដែល​រហូតមកដល់​ពេ​នេះ នៅ​មិន មិនទាន់​សងលុយ​ខ្ញុំ​សូម្បី​តែមួយ​រៀល​ផង​នោះ គិត​យ៉ាងម៉េច​។ ខណៈនោះ ឈ្មោះ បូ អាន បាន​តប​វិញ​ថា ទោះ​យ៉ាងនេះ​ក៏ដោយ រូបគេ​លែងអោយ វ៉ែន ចាន់ ឯង​ធ្វើស្រែ​លើដី​នេះ​តទៅទៀត​ហើយ​។​

​លោក វ៉ែន ចាន់ បាន​បន្ថែមទៀតថា បន្ទាប់ពី​មាន​រៀង​បែបនេះ លោក​ក៏បាន​រាយការណ៍​ទៅ​អាជ្ញាធរ ភូមិ ឃុំ និង​សមត្ថកិច្ច មក​ធ្វើការ​សម្របសម្រួល​ដែរ ប៉ុន្តែ​ភាគី​ខាង​ឈ្មោះ បូ អាន និង​ឈ្មោះ ហង់ ចាន់ថុល នៅតែ​បន្ត​រារាំង និង​ទាមទារ​ដក​ដីស្រែ​នោះ​រហូតដល់​សព្វថ្ងៃ​។​លុះដល់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ស្រាប់តែ​ប្តី​ប្រពន្ធ បូ អាន និង​កូនៗ​របស់គេ បាន​យក​គោយន្ត​ទៅ​ភ្ជួរ​ដីស្រែ​នោះ ហើយ​គាត់​ជា​ម្ចាស់​លុយ បាន​ទៅ​ឃាត់​តែ​ត្រូវ​ប្តី​ប្រពន្ធ បូ អាន ឆ្លើយ​ទាំង​ទទឹងទទែង​ថា បើ​គេ​មិន​យក​ស្រែ​មក​ធ្វើ​វិញ​ទេ តើ​បាន​លុយ​ឯណា​មក​សង​ចំនួន​២២.០០០​ដុល្លា​នោះ​។​

​លោក វ៉ែន ចាន់ ថា លុះ​មកដល់​អំឡុង​ដើមខែ​កក្កដា ឆ្នាំ​២០១៨ នេះ​ឈ្មោះ បូ អាន និង​ប្រពន្ធ បាន​ទៅ​ភ្ជួរស្រែ​នោះ​ទៀត តែ​គាត់​ក៏បាន​ទៅ​ឃាត់​ស្រាប់តែ​ប្រពន្ធ​របស់ បូ អាន ស្ទុះ​ទៅ​វាយតប់ បណ្តាល​ឲ្យ​ប្រ​ន្ធ​គាត់​ឈ្មោះ ជា ពៅ បណ្តាលអោយ​របួសស្នាម​លើ​ផ្ទៃមុខ​។ បន្ទាប់មក រួច​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បីអោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ផងដែរ ខណៈដែល​លុយ​ជំពាក់​២២.០០០​ដុល្លា មិនទាន់បាន​សង​សូម្បី​តែមួយ​រៀល​លុយ​ខ្មែរ​ផង ហើយ​ថែមទាំង​មក​ដណ្តើមយក​ស្រែ​ដែល​ដាក់បញ្ចាំ​នោះ​វិញ​ទាំង​បំពាន ដូចនេះ​ក្នុងនាម​រូបលោក​ជា​ម្ចាស់​លុយ និង​បង្ក​របួសស្នាម​លើ​ប្រពន្ធ​គាត់​ទៀត​។​
​លោក វ៉ែន ចាន់ ក៏បាន​សូម​សំណូមពរ​ដល់​អស់លោក​អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត ជំនាញ​ពាក់​ព​ន្ធ័ និង​ជាពិសេស​តុលាការ មេត្តាជួយ​ស្រាវជ្រាវ​ជួយ​រក​យុត្តិធម៌​អោយ​ក្រុមគ្រួសារ​លោក​ជា​ម្ចាស់​លុយ​ផង​។​

​ពាក់​ព​ន្ធ័ នឹង​ការលើកឡើង​ខាងលើនេះ ភាគី​ឈ្មោះ បូ អាន និង​ប្រពន្ធ​ឈ្មោះ ហង់ ចាន់ថុល បានបញ្ជាក់​ដោយ​ទទួលស្គាល់ថា គាត់​ពិតជា​បាន​បញ្ចាំស្រែ​ទៅ​អោយឈ្មោះ វ៉ែន ចាន់ និង​ប្រពន្ធ​ឈ្មោះ ជា ពៅ នោះ​មែន ក្នុងតម្លៃ​២២.០០០​ដុល្លារ​ប្រាកដ​មែន តែ​អ្វីដែល​គាត់​ហ៊ាន​ដកហូតយក​ដីស្រែ​មក​ធ្វើ​វិញ​នោះ គឺ​តុលាការខេត្ត បានសម្រេច​អោយ​គាត់​សង​ម្ចាស់បំណុល​គេ​ឲ្យ​គ្រប់​ចំនួន ព្រមទាំង​សង​ការប្រាក់​ចំនួន​១៨% ក្នុង​១​ឆ្នាំ​ថែម​ទៀតផង ដូច្នេះ បើ​គាត់​មិន​យក​ដីស្រែ​មក​ធ្វើ​វិញ​ទេ តើ​គាត់​បាន​លុយ​ឯណា​សង​ម្ចាស់​លុយ​នោះ​៕


 

 

 

 

 

 

 

 

 

 

 

 

 

 

(រូបពាក់អាវលឿង ពាក់មួក ជាស្ត្រីម្ចាស់ដី)