ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ី​ន ចាប់ផ្តើម​សាង សង់អាគារ នៅ​លើដី​តំបន់​បឹងកក់​ជាង​១០០​ហិកតា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2015 ក+ ក-

​ភ្នំពេញ​៖​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង ១០០​ហិកតា ក្នុង​តំបន់​បឹងកក់​រាជធានី​ភ្នំពេញ ត្រូវបាន​លោក ឡាវ ម៉េង​ឃី​ន ដែលជា​ម្ចាស់​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ី​ន បូម​ខ្សាច់​ចាក់​លុប​បំពេញ ដើម្បី​វិនិយោគ​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប អាគារ​ស្នាក់នៅ និង​មណ្ឌល​កម្សាន្ត​នានា​។​

​តំណាង​ក្រុមហ៊ុន​លោក ឡាវ ម៉េង​ឃី​ន បាន​ឲ្យ​ដឹងថា ការអភិវឌ្ឍន៍​នៅលើ​តំបន់​បឹងកក់​នេះ ពេល នេះ ក្រុមហ៊ុន​ចាប់ផ្តើម​ដំណើរការ​សាងសង់​អាគា​រ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​គម្រោង​ទាំងអស់​នឹង​បញ្ចប់​ជា​ជំហានៗ និង​តាម​ផ្នែក​នីមួយៗ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ មានតម្លៃ​ប្រមាណ ៣០០ លាន​ដុល្លារ អាមេរិក​។​

​ក្រៅពី​បណ្តាញ​ផ្លូវ​ពីរ​ខ្សែ ដែលមាន​ទ្រូងផ្លូវ​ជាង ២០​ម៉ែត្រ កំពុង​ដាក់​ឲ្យ​អ្នក​រាជធានី​ភ្នំពេញ ធ្វើដំណើរ​ឆ្លងកាត់​បណ្តោះ​អ​សន្ន ពេលនេះ​ក្រុមហ៊ុន កំពុងដំណើរការ​រៀប​ចំ​ប្រព័ន្ធ​លូ​រំដោះ​ទឺ​ក ព្រមទាំង​បំពាក់​ប្រព័ន្ធ​អគ្គិសនី​បំភ្លឺ​ផ្លូវ​ជួយ​សម្រួល​ការធ្វើការ​នៅពេល​យប់​។ ប្រព័ន្ធ​ផ្លូវ និង​ការបំពាក់​ប្រព័ន្ធ​អគ្គិសនី បំភ្លឺ​ផ្លូវ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៥​។​

​គួររំលឹកថា ការអភិវឌ្ឍ​តំបន់​បឹងកក់​នេះ គឺ​ផ្តើមឡើង​ដោយ​សម្រែក​តវ៉ា​នានា ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បឺ​ង​កក់់ រហូត​ត្រូវបាន​ចាប់​ក្រុមអ្នកតវ៉ា​ទាំងនោះ​ដាក់ពន្ធនាគារ​ទៀតផង​។​

គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥ ស្ត្រី​បឹងកក់ ដែល​ទើប​ចេញពី​គុក បាននាំគ្នា​ដើរ​ដាក់​ញត្តិ នៅ​ក្រសួងមហាផ្ទៃ និង​រដ្ឋសភា ក្នុង​បំណង​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ជំរុញ​ការដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​សេសសល់​ចុងក្រោយ ចំនួន ១៣​គ្រួសារ​បន្ថែមទៀត ៕

BBK-25-04-15