ភ្នំពេញ ៖ ស្ត្រីខ្មែរ ៣២ នាក់ដែលត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីចោទប្រកាន់ពីបទជួញដូរមនុស្សដោយឆ្លងដែន និងអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះកំពុងត្រូវបានឃុំខ្លួនក្នុងមន្ទីរពេទ្យ ដើម្បីងាយស្រួលតាមដាន។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក សន កែវ ប្រាប់អ្នកសារព័ត៌មានថា ស្ត្រីខ្មែរចំនួន ៣២ នាក់ ត្រូវបានសមត្ថកិច្ចសម្រេចយកទៅដាក់នៅមន្ទីរពេទ្យនគរបាល១៦ឧសភា ដើម្បីងាយស្រួលតាមដានសុខភាព និងគ្រប់គ្រង។ ចំពោះផែនការបន្តទៅមុខទៀត ខ្ញុំមិនទាន់ដឹងនៅឡោះយទេ។
សូមរម្លឹកថា លោក កោ វណ្ឌី កាលពីរសៀលថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០១៨ ក៏បានចេញដីកាសម្រេចឃុំខ្លួន បុរសចិនម្នាក់ឈ្មោះ LlU QlANG អាយុ៤៩ ឆ្នាំ ជាមេការ និងស្ត្រីខ្មែរចំនួន ៤ នាក់ទៀតដែលជាមេការនិងជាអ្នកបកប្រែពីបទ «ជួញដូរមនុស្សដោយឆ្លងដែន» និងបទ «អន្តរការរវាង អ្នកសុំកូន និងស្ត្រីពពោះ» យោងតាមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការពារអនីតិជន និងយោងតាមមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌដូចគ្នានេះដែរ ។
សូមជម្រាបថា ពួកគេទាំង៥នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅក្នុងប្រតិបត្តិការមួយកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងផ្ទះមួយនៅខណ្ឌឫស្សីកែវ ពីបទបង្កើតភ្នាក់ងារស៊ីឈ្នួលពពោះជំនួសយកកូនលក់ឲ្យបរទេស ដោយខុសច្បាប់ ហើយក្នុងពេលចុះបង្ក្រាបនោះ សមត្ថកិច្ចក៏បានរកឃើញស្ត្រីចំនួន៣២ នាក់ ខណៈពួកគេកំពុងស្ថិតនៅក្នុងដំណាក់កាលមានផ្ទៃពោះ ៕