​គ​.​ជ​.​ប រៀបចំ​បង្ហាញ​គុណភាព​ទឹកខ្មៅ​ជ្រលក់ម្រាម​ដៃ នៅ​ថ្ងៃទី​១៧​កក្កដា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៧ ខែកក្កដា ខាងមុខនេះ គ ជ ប​ នឹងធ្វើ​ការបង្ហាញ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​សម្រាប់​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដល់​តំណាង​គណបក្សនយោបាយនានា និង​អង្គការ សមាគមជាតិ និង​អន្តរជាតិ រួមទាំង​ភាគី​ពាក់ព័ន្ធ នៅ​សាលសន្និសីទ​សារព័ត៌មាន គ​.​ជ​.​ប​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់ថា ក្រុមហ៊ុន​ផលិត​ទឹកខ្មៅ​ជ្រលក់​ដៃ របស់​ឥណ្ឌា ក៏បាន​ឯកភាព​ព្រម​មក​ធ្វើការ​បង្ហាញ​ផ្ទា​ល់ពី​គុណភាព ដើម្បី​បញ្ជាក់ថា ទឹកខ្មៅ​នេះ មិន​ប៉ះពាល់​ដល់​សុខភាព​នោះទេ​។​ប៉ុន្តែ​ពេលវេលា​ជាក់លាក់​នៃ​ការ​មក​បញ្ជាក់​របស់​ក្រុមហ៊ុន​ឥណ្ឌា នៅ​មិនទាន់​កំណត់​នៅឡើយ​។​

​លោក​ថា ការបង្ហាញ​នេះ គឺ​ឲ្យ​តំណាង​គណបក្សនយោបាយ និង​អង្គការ​ជាតិ​-​អន្តរជាតិ សាកល្បង​ជ្រលក់ ដើម្បី​ឲ្យ​ដឹង​ពី​គុណភាព​នៃ​ទឹកខ្មៅ​ជ្រលក់​ដៃ​។​
​គ​.​ជ​.​ប ធ្លាប់បាន​បញ្ជាក់ថា ទឹកខ្មៅ​ចំនួន ៤៥.៩៣៤​ដប គឺ​នឹងត្រូវ​ទុក​សម្រាប់​ប្រើ​នៅតាម​ការិយាល័យ​បោះឆ្នោត​ជាង ២​ម៉ឺន​ការិយាល័យ​នៅ​ទូទាំងប្រទេស ហើយ​ក្នុង​១​ការិយាល័យ ប្រើ​ទឹកខ្មៅ​ចំនួន​២​ដប និង​ក្នុង​១​ដប​មាន​ចំណុះ ៧០​មី​លី​លីត្រ​។ ប៉ុន្តែ​ចំពោះ​តម្លៃ​មិនទាន់​បញ្ជាក់​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​សម្រាប់​បម្រើការ​បោះឆ្នោត​នា​ខែកក្កដា នេះ មាន​ចំនួន ៥១..០០០​ដប ដែល គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ឥណ្ឌា​ឈ្មោះ Mysore paints and varnish limited និង​ត្រូវបាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា នៅ​ពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ​៕