ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានប្រគល់ រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលជាអំណោយពីសប្បុរសជន ជូនដល់មន្ទីរពេទ្យបង្អែក ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីទុកប្រើប្រាស់ក្នុងការជួយសង្គ្រោះពលរដ្ឋក្នុងមូលដ្ឋាន។
លោកអគ្គបណ្ឌិតសភាចារ្យមានប្រសាសន៍ថា រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនេះ គឺបានមកពីការជួយឧបត្ថម្ភពីបណ្តាសប្បុរសជននានា ក្នុងការចូលរួមចំណែកលើកកម្ពស់ការ ផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងស្រុកល្វាឯម ដោយមិនប្រកាន់និន្នាការនយោបាយឡើយ និងបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ដើម្បីឆ្លើយ តបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ។
លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកល្វាឯម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ចំពោះលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលតែងតែគិតគូរពីការលំបាក និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម និងប្តេជ្ញាប្រើប្រាស់រថយន្តសង្គ្រោះ បន្ទាន់នេះឱ្យមានប្រសិទ្ធភាពខ្ពស់៕