ភ្នំពេញ ៖ ក្រោយពេលរាជរដ្ឋាភិបាលបានសម្រេចកំណត់ យកដំណាំ ដំឡូងមី ជាវិស័យអាទិភាពមួយបន្ទាប់ពីដំណាំស្រូវ ឃើញថាដៃគូ អភិវឌ្ឍន៍ នានា បានគាំទ្រនិងសហការលើកស្ទួយវិស័យនេះកាន់តែប្រសើរ ព្រមទាំងបានធ្វើអោយវិស័យដំឡូងមីនៅកម្ពុជា ហាក់មានភាពល្អ ប្រសើរ ច្រើន បើធៀបនឹងកាលពីពេលមុន។
នៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំគោលនយោបាយជាតិដំឡូងមីលើកទី៣ កាលព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកត់សំគាល់ថា ក្នុងចំណោមផលិតផលដែលមានសក្ដានុពលជាច្រើនរបស់កម្ពុជា រាជរដ្ឋាភិបាលជឿជាក់ថាសក្ដានុពលនៃផលិតផលដំឡូងមី គឺជាប្រភពរស់រានសម្រាប់កសិករក្រីក្រ និងកសិករខ្នាតតូច ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ពួកគាត់ និងជាប្រភពនៃការអភិវឌ្ឍឧស្សាហកម្មជាច្រើន ។ គោលនយោបាយដំឡូងមីនេះ ចងក្រងឡើងសម្រាប់ជាប្រទីបនៃការអភិវឌ្ឍ ដោយផ្អែកលើវិធីសាស្ត្រថ្មីៗ ដែលធ្វើអោយវិស័យនេះ អាចធានាបាននូវលទ្ធភាពចូលទៅកាន់ច្រកទីផ្សារទូលំទូលាយ និងបង្កើនប្រាក់ចំណេញតាមរយៈការរៀបចំសង្វាក់តម្លៃសំខាន់ៗ ទោះជាតម្លៃមានការប្រែប្រួលក្ដី ។
លោក ប៉ាន សូរស័ក្តិ បានបង្ហាញថា គោលនយោបាយដំឡូងមី មានគោលបំណងធ្វើអោយប្រទេសកម្ពុជា ក្លាយជាទីតាំងនៃឧស្សាហកម្មកែច្នៃ និងជាអ្នកផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តដល់ទីផ្សារសកល។ កត្តានេះទាមទារអោយមានការវិនិយោគបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពកែច្នៃ និងកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម ដែលអាចរក្សាបាននូវផលិតភាពខ្ពស់នៅកសិដ្ឋាន ។ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះវិស័យដំឡូងមីនៅកម្ពុជា ឃើញថាមានភាពល្អប្រសើរច្រើន ដោយមានរោងចក្រកែច្នៃនៅនឹងកន្លែង និងការនាំចេញផលិតផលដើមផងដែរ ជាពិសេសក្រុមហ៊ុនចិន ។
លោក ឯក ស៊ុនសុខា ប្រធានអគ្គនាយកនៃក្រុមហ៊ុន Long & Sokha Import Export Co.,Ltd បានអោយដឹងថា វិស័យដំឡូងមី ដែលរាជរដ្ឋាភិបាលបានខិតខំជំរុញអោយមានគោលនយោបាយច្បាស់លាស់នៅពេលនេះ នឹងទទួលបានការគាំទ្រ ហើយជំរុញបន្ថែមទៀត ធ្វើអោយវាកាន់តែប្រសើរឡើង ហើយអាចជួយកសិករ និងអ្នកផលិតក្នុងស្រុកកាន់តែមានទឹកចិត្តផលិតបន្ត ។
លោករំពឹងថា វិស័យដំឡូងមី នឹងមានការគាំទ្រ និងយកចិត្តទុកដាក់ខ្លាំង ដូចវិស័យស្រូវអង្ករដែរ ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ ផលិតផលដំឡូងមី ហាក់មានការកើនឡើងជាងកាលពីប៉ុន្មានឆ្នាំមុន ដូចនេះនៅពេលតម្លៃដំឡូងមីកាន់តែកើនឡើងធ្វើអោយពលរដ្ឋកាន់តែមានទឹកចិត្តដាំដុះ ដែលនឹងជំរុញអោយការនាំចេញរបស់កម្ពុជាកាន់តែបានច្រើនផងដែរ ។
លោកបញ្ជាក់បន្ថែមថា ចិនគឺជាទីផ្សារធំជាងគេនៅលើពិភពលោក ក្នុងវិស័យដំឡូងមី ហើយបច្ចុប្បន្ន ថៃគឺជាប្រទេសធំជាងគេដែលបាននាំផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ។ គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ កម្ពុជាអាចនាំដំឡូងមីចេញ មានទំហំទឹកប្រាក់ប្រមាណ ៧២៨លានដុល្លារអាមេរិកចេញពីខេត្តចំនួន ១៣ ៕