ភ្នំពេញ ៖ ម្ចាស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទទាំងអស់នៅកម្ពុជា នឹងត្រូវទទួលទោសតាមច្បាប់ ប្រសិនបើនៅតែបន្តឱ្យអ្នកប្រើប្រាស់ស៊ីមកាតដោយគ្មានអត្តសញ្ញាណសម្គាល់។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា។
មន្ត្រីរូបនេះបន្តថា ករណីប្រសិនបើក្រុមជំនាញរបស់និយ័តករទូរគមនាគមន៍កម្ពុជា រកឃើញថា នៅតែមានអ្នកប្រើប្រាស់ស៊ីកាតទូរស័ព្ទគ្មានអត្តសញ្ញាណ និងមានបញ្ហាអ្វីកើតឡើងដោយសារតែស៊ីមកាតទូរស័ព្ទគ្មានអត្តសញ្ញាណនេះ ក្រុមហ៊ុនម្ចាស់ស៊ីមកាតនោះ នឹងត្រូវប្រឈមុខតាមផ្លូវច្បាប់ជាធរមាន។
មន្ត្រីនាំពាក្យបញ្ជាក់ថា និយ័តករទូរគមនាគមន៍កម្ពុជា បានដាក់ឱសានវាទចុងក្រោយ ឱ្យម្ចាស់ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ត្រូវលុបចោលជាបន្ទាន់ រាល់ស៊ីមកាតទូរស័ព្ទដែលគ្មានឯកសារអត្តសញ្ញាណសម្គាល់អ្នកប្រើប្រាស់ត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ចំនួនស៊ីមកាតដែលប្រើប្រាស់សព្វថ្ងៃនេះប្រមាណ១៨លានកន្លះ ប៉ុន្តែបច្ចុប្បន្ននេះមិនដឹងថា ស៊ីមកាតសម្រាប់អ្នកប្រើប្រាស់ដែលគ្មានអត្តសញ្ញាណសម្គាល់ មានចំនួនប៉ុន្មាននោះទេ ខណៈកាលពីឆ្នាំ២០១៧ ស៊ីមកាតសម្រាប់អ្នកប្រើប្រាស់ដែលគ្មានអត្តសញ្ញាណសម្គាល់វិញមានប្រមាណ៦ ទៅ ៧%៕