ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ត្រូវបានតុលាការក្រុងភ្នំពេញ កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នេះ ដើម្បីបំភ្លឺករណី« ប្រមាថអង្គព្រះមហាក្សត្រ» ។
តាមហ្វេសប៊ុកនៅពីថ្ងៃទី១០ ខែកក្កដា នេះ លោក សម រង្ស៊ី បានសរសេរថា អ្វីដែលលោកបានលើកឡើងពីលិខិតព្រះមហាក្សត្រ ដាក់កាលបរិច្ឆេទក្លែងក្លាយ មិនមែនជាការប្រមាថទេ ។
យោងតាមច្បាប់ថ្មីប្រឆាំងនឹងការប្រមាថអង្គព្រះមហាក្សត្រ លោក សម រង្ស៊ី អាចប្រឈមជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល ឬស្មើនឹងប្រាក់៥០០ ទៅ២.៥០០ ដុល្លារអាមេរិក ។
គួររំលឹកថា គិតមកទល់ពេលនេះ មានមនុស្ស៤នាក់ហើយ ត្រូវបានចោទប្រកាន់ពីបទ ប្រមាថព្រះមហាក្សត្រ ក្នុងនោះមានលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិម្នាក់ផងដែរ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចពីបណ្តឹងជាច្រើន៕