ភ្នំពេញ ៖ ទីតាំងស្តុបម៉ូតូរបស់ក្រុមហ៊ុនចិនយីហោ B.D បូឌីង អ៊ីនវេសមេន ខូអិលធីឌី មួយកន្លែង ត្រូវបានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានីភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបដោយរកឃើញម៉ូតូប្រមាណ៤៤៤គ្រឿង ដែលសង្ស័យថា លួចក្លែងបន្លំ ម៉ូតូម៉ាករហុងដា របស់ក្រុមហ៊ុនហុងដា។
ការចុះបង្ក្រាបទីតាំង លួចលាក់ក្លែងម៉ាកម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០ និង៤០នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុនខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជុត សាម៉ុន អនុប្រធានលេខាធិការដ្ឋាន គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានីភ័យខ្ពស់ដល់សុខភាពនិងសុវត្តិភាពសង្គម នៃក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមហ៊ុនមួយនេះបានបន្លំម៉ាករបស់ក្រុមហ៊ុនហុងដា ដោយតម្លើងម៉ូតូរាប់រយគ្រឿង និងត្រូវបានក្រុមហ៊ុនហុងដាប្ដឹងគណៈកម្មការទើបសមត្ថកិច្ចចុះមកឆែកឆេរ បង្ក្រាបតែម្តង ។
តាមសមត្ថកិច្ចអោយដឹងថា ក្នុងការឆែកឆេរ សមត្ថកិច្ចរកឃើញម៉ូតូក្លែងបន្លំម៉ាកចំនួនជាង ៤៤៤គ្រឿង ក្នុងនោះមានម៉ាក Zoomer-x ចំនួន២២៤គ្រឿង , ម៉ាក MSL-S 1 ចំនួន១០០គ្រឿង ម៉ាក Scoopy ចំនួន៣១គ្រឿង ម៉ាក Ducati ចំនួន៦៦គ្រឿង ,ម៉ាកហុងដា Dream ចំនួន៣គ្រឿង ម៉ូតូធំផ្សេងៗចំនួន២០គ្រឿង, , តែម Zoomer-x MSL-S1 Scoopy Ducati Dream ចំនួន៤កេស ,ប្រេងសម្រាប់លាយប្រេងម៉ាស៊ីន៣៦ប្រអប់ និងគ្រឿងបន្លាស់មួយចំនួនទៀត។
តាមនគរបាលបានអោយដឹងថា ជនជាតិចិនចំនួន ២នាក់ត្រូវបាននាំខ្លួន ទៅសាកសួរ ។ ចំណែកទីតាំង ត្រូវបានកម្លាំងចម្រុះក៏បានប្លុមបេ ទាំងម៉ូតូទុកបណ្ដោះអាសន្ន៕