ភ្នំពេញ៖ លោកឧត្តមសេនីយ៍ផ្កាយ២ ឈ្មោះ គឹម ម៉ារិន្ថា និងជានាយកក្រុមហ៊ុនដឹកអ្នកដំណើរ GST ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ រួមសហការជាមួយកម្លាំងសមត្ថកិច្ចថៃឃាត់ខ្លួន ពីបទសម្លាប់ប្រពន្ធចុង និងកូនស្រីបង្កើតអាយុ ៦ ឆ្នាំ ហើយយកសពទៅបោះចោល នៅម្តុំជ្រោះពេជ្រនិល។
ព័ត៌មានពីមន្ត្រីជាន់ខ្ពស់មួយរូបបានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនលោកឧត្តមសេនីយ៍ផ្កាយ២ បានធ្វើឡើង នៅក្នុងប្រទេសថៃ កាលពីម៉ោងជិត ២ រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ក្រោយពេលដែល ឧត្តមសេនីយ៍ គឹម ម៉ារិន បានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាពសម្លាប់ប្រពន្ធចុង និងកូនស្រី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅទីស្នាក់ការក្រុមហ៊ុនដឹក ជញ្ជូន GST ផ្ទះលេខ ១៣E1 ផ្លូវលេខ ១៤២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
ប្រភពបន្តថា នៅវេលាម៉ោង ១និង៥៥នាទី រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ជនសង្ស័យរូបនេះត្រូវដឹកតាមរថយន្តនាំខ្លួនមកកាន់ប្រទេសកម្ពុជាតាមច្រកច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
គួររម្លឹកផងដែរថា កងកម្លាំងប៉ូលិសក្រសួងមហាផ្ទៃបានចុះឆែកឆេរក្នុងក្រុមហ៊ុនឡានក្រុង GST ដឹកអ្នកដំណើរពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ត្រី និងកុមារីម្នាក់កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤។ ក្រុមហ៊ុន GST ដឹកអ្នកដំណើរស្ថិតនៅផ្លូវលេខ៨១ កែងផ្លូវលេខ១៤២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ជិតផ្សារសូរិយា-ផ្សារថ្មី។
អំពើឃាតកម្មលើស្ត្រីជាម្តាយឈ្មោះ វ៉ា ដារី អាយុ ៣០ ឆ្នាំ និងកូនស្រី ឈ្មោះ គីមថា វិច្ចដា អាយុ ៦ ឆ្នាំ បានកើតឡើង កាលពីដើមឆ្នាំ២០១៤ ហើយឃាតក បានយកសពទៅប្លុងចោលនៅជ្រោះពេជ្រនិល។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ប៉ូលិសបានចាប់ខ្លួនជនដៃដល់ម្នាក់ ដែលជនសង្ស័យជាឃាតក ឈ្មោះ ជា សំណាង អាយុ ៣៤ ឆ្នាំ ជាកូនប្រសារលោកឧត្តមសេនីយ៍ផ្កាយពីរ។
តាមសម្តីសារភាពរបស់ជាសំណាង បានបញ្ជាក់ថា ករណីសម្លាប់ស្ត្រីអាយុ ៣០ ឆ្នាំ និងកូនស្រីអាយុ ៦ ឆ្នាំនោះ មានទាក់ទងនឹងលោកឧត្តមសេនីយ៍ទោ គឹម ម៉ារិន្ថា ជាមន្ត្រីយោធានៅក្រសួងការពារជាតិ និងជាអគ្គនាយកក្រុមហ៊ុនឡានក្រុង ជីអេសធី GST ដឹកអ្នកដំណើរ ដែលមានទីតាំងក្បែរផ្សារសូរិយា។ តែក្រោយពេលបែកការណ៍ លោកឧត្តមសេនីយ៍ គីម ម៉ារិន្ថា និងកូនប្រុសម្នាក់ទៀតកំពុងរត់គេចខ្លួន។
ជា សំណាង បន្តថា នៅថ្ងៃកើតហេតុខ្លួន និងកូនប្រុសរបស់លោកឧត្តមសេនីយ៍ម្នាក់ទៀត ត្រូវបានឪពុកក្មេក ( គឹម ម៉ារិន្ថា ) ប្រើឲ្យសែងធុងក្លាសេទឹកកកមួយ ចេញពីក្នុងបន្ទប់របស់ខ្លួន ហើយឲ្យដឹកតាមឡាន យកទៅបោះចោលនៅជ្រោះពេជ្រនិល។ បុរសនោះ បានបន្ថែមថា ពេលទៅដល់ជ្រោះពេជ្រនិល ចាក់សាកសពនោះទើបខ្លួនដឹងថា ជាស្ត្រីម្តាយកូន ដែលជាភរិយារបស់លោកឧត្តមសេនីយ៍ទោ គឹម ម៉ារិន្ថា៕
លោកឧត្តមសេនីយ៍ទោ គឹម ម៉ារិន្ថា