គ​.​ជ​.​ប បោះពុម្ព​សន្លឹកឆ្នោត​រួចរាល់​ហើយ ត​ម្លែ​ជាង​២,៦​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2018 ក+ ក-

​ភ្នំពេញ ៖ សន្លឹកឆ្នោត​ជាង​១០​លាន​៥​សែន​សន្លឹក តម្លៃ​ជាង​២.៦​លាន​ដុល្លារ​អាមេរិក ត្រូវបាន​បោះពុម្ព​រួចរាល់​ជា​ស្ថាពរ​ហើយ​កាលពីដើម​សប្តាហ៍​នេះ​។ នៅ​ថ្ងៃស្អែក គ​.​ជ​.​ប​. នឹង​ដឹកយក​សន្លឹកឆ្នោត​ទាំងនោះ យកទៅ​រក្សាទុក​នៅ​ឃ្លាំ​ងគ​.​ជ​.​ប​.​ដែលមាន​ទីតាំងនៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ឌឹ​ម សុវណ្ណ​រុំ បានបញ្ជាក់​ប្រាប់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ថា សន្លឹកឆ្នោត​ទាំងអស់​ដែល​បម្រើ​ឲ្យ​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ​នោះ បានបញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​មន្ត្រី​គជ ប​នឹង​ដឹក​សន្លឹកឆ្នោត​ទាំងនោះ​យកទៅ​រក្សាទុក​នៅ​ឃ្លាំង​របស់ខ្លួន​នៅ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ការដឹក​សន្លឹកឆ្នោត​យ​ក​ទៅ រក្សា​ទុក្ខ​នៅក្នុង​ឃ្លាំង​គជប នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី ១៣ កក្កដា ស្អែក ដោយ​ដឹក​ចេញពី​រោង​ពុម្ព​ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។ អ្នក​នាំ ពាក្យ​គជប​នឹង​បង្ហាញ​វត្ត​មាននៅ​ទីនោះ​នៅ​ថ្ងៃស្អែក​ដើម្បី​ត្រៀម​ឆ្លើយតប​សំណួរ អ្នកកាសែត​។ បើតាម លោក ឌឹ​ម សុវណ្ណ​រុំបាន​អះអាងថា សន្លឹកឆ្នោត សម្ភារៈ និង ឯកសារ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត គ​.​ជ​.​ប​.​នឹងត្រូវ​បញ្ជូនទៅ​ដល់​កា​រិ​យា ល័យ​បោះឆ្នោត​ទាំង​២​ម៉ឺន​២​ពាន់​៩៦៧ ការិយាល័យ នៃ​មណ្ឌលបោះឆ្នោត​ទាំង ២៥ មិន​ឲ្យ​លើសពី​៣៦​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​។

​គួរ​បញ្ជាក់ថា គ​.​ជ​.​ប បានធ្វើការ​បោះពុម្ព​សន្លឹកឆ្នោត​សរុប​ជាង​១០​លាន​៥​សែន​ដោយ​ក្នុង​មួយ​សន្លឹក​តម្លៃ​៩៩០​រៀល សរុប​ប្រមាណ​ជាង​២,៦​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ២៩​កក្កដា​ខាងមុខ​។

​ក្នុងចំណោម​សន្លឹកឆ្នោត​១០​លាន​៥​សែន​សន្លឹក ក្នុងនោះ​មាន​សន្លឹកឆ្នោត​គំរូ​ជាង​៣​សែន​សន្លឹក និង​សន្លឹកឆ្នោត​បម្រុង​ជាង​៦​សែន​៦​ម៉ឺន​សន្លឹក​។​

​ការត្រៀម​សន្លឹកឆ្នោត​បម្រុង​ច្រើន​បែបនេះ ត្រូវបាន ឯ​.​ឧ ឌឹ​ម សុ​វណ្ណា​រុំ អះអាងថា ដើម្បី​ត្រៀម​ជំនួស​សន្លឹកឆ្នោត​ដែល​ខូច​ដោយសារ​បញ្ហា​ប្រធាន​ស័​ក្ត និង​ករណី​អ្នកបោះឆ្នោត​គូស​ច្រឡំ​ហើយ​សុំ​ដូរ​សន្លឹកឆ្នោត​ថ្មី​។

​តាម​គោលការណ៍​ការសុំ​ដូរ​សន្លឹក​ថ្មី​បានតែ​ម្តងគត់​សម្រាប់​អ្នកបោះឆ្នោត​ម្នាក់​ជាមួយនឹង​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ជាង​៨​លាន​៣​សែន​នាក់​៕