កូរ៉េ ៖ ប្រធានាធិបតី សិង្ហបុរី លោក លី សេនលុង ទទួលស្វាគមន៍ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ចេ-អ៊ីន ក្នុងថ្ងៃ ព្រហ្បតិ៍ នៅឯវិមានប្រធានាធិបតី ជាកន្លែងដែលមេដឹកនាំទាំងពីរ សន្ទនាផ្ដោតទៅលើកិច្ចប្រឹងប្រែងបង្កើនសន្ទស្សន៍នពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងច្រើនជាងបច្ចុប្បន្ន 20 ពាន់លាន ។
លោក មូន ចេ-អ៊ីន បញ្ចប់ទស្សនកិច្ចក្នុងប្រទេស ឥណ្ឌា កាលពីថ្ងៃ ពុធ ជាកន្លែងមានកាចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន 11 បំណងបង្កើនពាណិជ្ជកម្មទៅវិញទៅមកឲ្យលើស 50 ពាន់លាននៅត្រឹមឆ្នាំ 2030 ។ បច្ចុប្បន្ន ឥណ្ឌា គឺជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី 6 លើពិភពលោក ចំណែក កូរ៉េខាងត្បូង ស្ថិតនៅលើលេខរៀងទី 11 ចំណែក សិង្ហបុរី ជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី 37 លើពិភពលោក ។
លោក មូន ចេ-អ៊ីន និយាយថា កូរ៉េខាងត្បូង និង សិង្ហបុរី នឹងបង្កើនសន្ទស្សន៍ពាណិជ្ជកម្មទ្វេភាគី ក្នុងនោះមានការចរចាបញ្ចប់ពន្ធខ្ពស់លើទំនិញនាំចូល និងរួមគ្នាក្នុងគំនិតផ្ដួចផ្ដើមមានឈ្មោះថា បដិវត្តឧស្សាហកម្មលើកទី4 ។ ប្រធានាធិបតី កូរ៉េខាងត្បូង បញ្ជាក់ថា កូរ៉េខាងត្បូង និង សិង្ហបុរី នឹងទទួលបានសមិទ្ធិផលធំៗលើវិស័យស៊ើបអង្កេត និង ផ្នែកទិន្នន័យទ្រង់ទ្រាយធំ រហូតដល់បច្ចេកវិទ្យាជីវសាស្ត្រ នៅពេលណាដែលប្រទេសទាំងពីរធ្វើការរួមគ្នាលើផ្នែកទាំងនោះ ។
សូមរំឭកថា សិង្ហបុរី ទទួលធ្វើជាម្ចាស់ផ្ទះសន្និសីទជាប្រវត្តិសាស្ត្ររវាងមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី 12 មិថុនា ជាព្រឹត្តិការណ៍ដែលមេដឹកនាំ កូរ៉េខាងជើង បានសន្យាជាលើកទីពីរអំពីការលះបង់អាវុធនុយក្លេអ៊ែរ ព្រមទាំងចុះហត្ថលេខាលើឯកសារ ដែលមានការព្រមព្រៀងចំនួន 4 ចំណុច ក្នុងនោះមានការលះបង់អាវុធនុយក្លេអ៊ែរផងដែរ ៕