ភ្នំពេញ ៖ ខ្លឹមចន្ទន៍ (Santalum album) កម្ពុជា មានឈ្មោះល្បីច្រើនសតវត្សមកហើយ ដែលប្រជាជាតិនៅលើ ពិភពលោកទទួលស្គាល់ ជាខ្លឹមចន្ទន៍មានគុណភាពល្អ។
ភាពល្បីល្បាញនេះបានធ្វើឲ្យប្រទេសដែលនិយមប្រើប្រាស់ប្រេងខ្លឹមចន្ទន៍កម្ពុជា បញ្ជូននិស្សិតថ្នាក់បណ្ឌិតមកពីប្រទេសអារាបីតសាអូឌីត ចុះកម្មសិក្សាពី ដំណាំខ្លឹមចន្ទន៍កម្ពុជា។
និស្សិតថ្នាក់បណ្ឌិតមកពីប្រទេសអារាបីតសាអូឌីត ម្នាក់មកសិក្សាដល់ចំការដំណាំ ខ្លឹមចន្ទន៍ ក្នុងភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។
លោក អាសម៉េត ប៊ិនមហាមេត និស្សិតថ្នាក់បណ្ឌិតមកពីប្រទេសអារាបីតសាអូឌីត ឲ្យដឹង ថា គាត់មកចុះកម្មសិក្សាអំពីខ្លឹមចន្ទន៍របស់ប្រទេសកម្ពុជានេះដើម្បីសរសេរនិក្ខេបបទ។
លោកថានៅតំបន់អារ៉ាប់រួម គេទទួលស្គាល់តែខ្លឹមចន្ទន៍កម្ពុជាទេដែលមានគុណភាពល្អ ច្រើនសតវត្សមកហើយ។ ប៉ុន្តែ៣០ឆ្នាំក្រោយមកនេះ ដំណាំខ្លឹមចន្ទន៍របស់កម្ពុជាមិនសូវផ្តល់ប្រេងខ្លឹមចន្ទន៍ដែលមានគុណភាពល្អដូចមុនទេ។ មូលហេតុនេះទើបគាត់ចុះមកសិក្សា អំពីការដាំដុះដំណាំនេះ នៅខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ដើម្បីចង់ដឹងពីខ្លឹមចន្ទន៍ធម្មជាតិ
មេការចំការដំណាំខ្លឹមចន្ទន៍នៅភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក ស៊ូ សាវុធ អះអាងថា ដំណាំខ្លឹមចន្ទន៍ក្រស្នានេះ ដាំលើដីទំហំ១០ហិកតា មានចំនួនជាង
៣ម៉ឺនដើម ដុះរយៈពេល១០ឆ្នាំមកហើយ។ ដើម្បីប្រមូលផលខ្លឹមចន្ទន៍នេះឲ្យមាន
ប្រសិទ្ធភាពខ្ពស់ ត្រូវចេះបច្ចេកទេសក្នុងការថែទាំ ឲ្យបានរយៈពេល៥ឆ្នាំឡើងទៅ ។
លោក អាសម៉េត ប៊ិនមហាមេត ឲ្យដឹងថា គាត់ជាអ្នកសិក្សាស្រាវជ្រាវពីប្រេងខ្លឹមចន្ទន៍។ គាត់បានទៅសិក្សា អំពីខ្លឹមចន្ទន៍ នៅប្រទេសឥណ្ឌា ស្រីលង្កកា និយាយរួមប្រទេសដែល ផលិតខ្លឹមចន្ទន៍លក់ទៅដល់តំបន់អារ៉ាប់រួម ដើម្បីប្រៀបធៀបគុណភាពដំណាំខ្លឹមចន្ទន៍និងដើមខ្លឹមចន្ទន៍ដែលដុះដោយធម្មជាតិ។ អ្វីដែលល្បីខ្លាំងនៅប្រទេសអារ៉ាប់ គឺប្រេងខ្លឹមចន្ទន៍កម្ពុជា គុណភាពល្អជាងប្រទេសនានាទាំងអស់៕