ភ្នំពេញ ៖ លោក តាកាហាស៊ី ហ្វូមីអាគី អតីតៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមជាមួយ ភ្នាក់ងារទូរទស្សន៏ផ្លូវការរបស់ជប៉ុន NHK បានចូលជួបសវនាការ ជាមួយ ឯ.ឧ ឃួង ស្រេង អភិ បាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ដើម្បីសុំកិច្ចសហប្រតិបត្តិ ការ ពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំខួបលើកទី៦៥ នៃចំណងមិត្តភាព និងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនៅដើមខែធ្នូ ឆ្នាំ២០១៨នេះ។
លោក តាកាហាស៊ី ហ្វូមីអាគី បានជំរាបជូនពីគោលបំណង នៃការប្រារព្វខួបលើកទី៦៥ឆ្នាំ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុននេះ ផ្តោតលើការពង្រឹង ផ្នែកវប្បធម៌រវាង កម្ពុជា-ជប៉ុន និងបញ្ជ្រាប ការយល់ដឹងបន្ថថែមទៀត សំរាប់យុវវ័យកម្ពុជា-ជប៉ុន លើផ្នែកវប្បធម៌ ក្រោយការរៀបចំពីភ្នាក់ងារ ព័ត៌មាន NHK ដែលជាទីភ្នាក់ងារផ្លូវការរបស់រដ្ឋ និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពី ព្រឹត្តិ ការ នេះ ទៅកាន់ពិភពលោក តាមរយៈភាពយន្តតុក្កតា,ការបង្ហាញម៉ូត និងការប្រគុំតន្ត្រីលើខ្លឹមសារ គួឧ្យិស្រឡាញ់ ដែលភាសារជប៉ុនហៅថា ខាវ៉ៃ។
ក្នុងឱកាសនោះ ឯ.ឧ ឃួង ស្រេង បានសម្តែងនូវការស្វាគមន៏ និងគាំទ្រពេញទំហឹង លើការ រៀបចំព្រឹត្តិការដ៏មានអត្ថន័យនេះ និងត្រៀមខ្លួនផ្តល់កិច្ចសហការ ជាមួយភាគីជប៉ុន ដើម្បីរៀបចំ ព្រឹត្តិការអោយទទួលបានជោគជ័យ។ ទន្ទឹមគ្នានេះ ឯ.ឧ អភិបាល ក៏បានផ្តល់យោបល់ ឲ្យភាគី ជប៉ុន ធ្វើលិខិតផ្លូវការទៅក្រសួងការបរទេសនិងក្រសួងមហាផ្ទៃ ក្នុងគោលបំណងសហការរៀបចំ ការងារនេះឲ្យមានប្រសិទ្ធភាព៕