ពលរដ្ឋ​ខ្មែរ​រាប់រយ​គ្រួសារ​ឆ្លង​ចូល​ទិញ​ឥ​វ៉ាន់​ក្នុង​ផ្សារ​ថៃ​ជាប់​ព្រំដែន​ខ្មែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2018 ក+ ក-

ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​ក្នុង​មួយថ្ងៃៗ​បាន ជិះ​តាម​គោយន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក និង​រថយន្ត​ជាច្រើន​គ្រឿង ដែល​ពេលខ្លះ​មាន​សភាព​កកស្ទះ​នៅ​មាត់ច្រក​របៀង​ចំនួន​២​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ គឺ​ច្រករបៀង​ណង​ចាន់ និង​ច្រករបៀង​អូរ​បី​ជាន់ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នេះ ។

បើតាម​ការសាកសួរ​ប្រជាពលរដ្ឋ​ភាគច្រើន​ដែលជា​អ្នករស់នៅ​ក្នុងស្រុក​ជាប់​ព្រំដែន​ដូចជា ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត បាន​បញ្ជាក់ថា ពួកគាត់​ចូលទៅ​ផ្សារណាត់​លើទឹក​ដី​ថៃ ដើម្បី​ទិញ​ទំនិញ និង​របស់​ប្រើប្រាស់​ក្នុង​គ្រួសារ​តែប៉ុណ្ណោះ ហើយ​ថា ការចូលទៅ​ដី​ថៃ​នេះ គេ​បើក​ឲ្យ​ដំណើការ​១​សប្តាហ៍ ១​ថ្ងៃ គឺ​រៀងរាល់ថ្ងៃ​សុក្រ​តែប៉ុណ្ណោះ​។​

​នៅ​ច្រករបៀង​ចំនួន​២ ខាងលើ គេ​ឃើញ​មាន​ពលរដ្ឋ​ច្រើន​សម្រុក​ទៅ​ទិញ​ទំនិញ​នៅ​ដី​ថៃ ក្នុងស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​កម្ពុជា​។ ដោយឡែក​ច្រក​តំបន់​បឹង​ត្រកួន​ក្នុងស្រុក​ថ្មពួក បច្ចុប្បន្ននេះ ក៏​គេ​បើក​ដំណើរការ​ឲ្យ​ពលរដ្ឋ​ចេញចូល​ដី​ថៃ ដើម្បី​ទិញ​ទំនិញ​លើដី​ថៃ (​ផ្សារណាត់​) ស្ថិតក្នុង​ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ១​សប្តាហ៍​១​ថ្ងៃ​ដូចគ្នា ខណៈ​ពីមុន​មិន​ធ្លាប់មាន ។​

​គួរ​បញ្ជាក់ថា ២-៣​ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​ពលរដ្ឋ​ឆ្លង​ព្រំដែន​ទៅ​ទិញ​ទំនិញប្រើប្រាស់​ក្នុង​គ្រួសារ​លើដី​ថៃ​តាម​ស្រុក​ជាប់​ព្រំដែន ពិសេស​ក្នុង​ខេត្ត​ស្រះកែវ ហាក់​មានការ​កើនឡើង ប៉ុន្តែ​ការចេញចូល​ឆ្លង​ព្រំដែន​នោះ​ភាគី​ថៃ បើក​ដំណើរការ​ក្នុង​១​សប្តាហ៍ តែ​១​ថ្ងៃ ឬ​ម្តង​តែប៉ុណ្ណោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅតាម​បន្ទាត់​ព្រំដែន ហើយ​នៅ​ឆ្ងាយ​ពី​ផ្សារ​ក្នុងស្រុក មាន​ភាពងាយស្រួល​តែម្តង​។​

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ហើយ​បាន​រិះគន់​ទៅលើ​អាជ្ញាធរ​កម្ពុជា ថា ហេតុអ្វី​ក៏​រដ្ឋបាល ស្រុក ខេត្ត មិន​យកចិត្តទុកដាក់​ក្នុង​រឿងនេះ ដោយ​រៀបចំ​ធ្វើ​ដូច​ភាគី​ថៃ ព្រោះថា​បើសិន​ជាមាន​ផ្សារណាត់​ក្នុងស្រុក មិនថាតែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ដែល​ចូល​ផ្សារ​នេះ ពលរដ្ឋ​ថៃ​ក៏​អាច​ឆ្លង​ចូលមក​ទិញ​ទំនិញ​ដូចគ្នា​ដែរ​៕