ភ្នំពេញ ៖ រមណីយដ្ឋាន សហគមន៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អាកាសចរ សណ្ឋាគារ ភោជនីយដ្ឋាននានា នឹងដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួនក្នុងពិព័រណ៍ទេសចរណ៍ជាតិលើកដំបូងពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ខាងមុខនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានស្តង់ចំនួន ១៥០ ក្រោមការរៀបចំពីសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក្រោមប្រធានបទកំណប់ទ្រព្យទេសចរណ៍កម្ពុជា។
តាមសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាឲ្យដឹងថា ពិព័រណ៍ទេសចរណ៍ជាតិលើកទី១នេះនឹងចូលរួមជំរុញចលនាដើរកម្សាន្តក្នុងស្រុករបស់ពលរដ្ឋខ្មែរ។
កម្មវិធីនេះនឹងផ្ដល់ឱកាសដល់សហគមន៍ទេសចរណ៍ក្នុងស្រុក មានឱកាសដាក់បង្ហាញផលិតផលទេសចរណ៍ទៅដល់ប្រជាពលរដ្ឋដើម្បីស្រូបយកកំណើនទេសចរក្នុងគោលដៅទេសចរណ៍របស់ខ្លួន។
កម្មវិធីប្រូម៉ូសិនពិសេសផ្សេងៗ កម្មវិធីកម្សាន្ត ការធ្វើបទបង្ហាញលើប្រធានបទទេសចរណ៍ កម្មវិធីម្ហូបអាហារ នឹងត្រូវធ្វើឡើងផងដែរក្នុងពិព័រណ៍នេះ៕