ព្រះសីហនុ ៖ ជនជាតិចិនចំនួន៥នាក់ ត្រូវបានកម្លាំង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃធ្វើសន្និសីទកាសែតបង្ហាញមុខ មុននឹងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាឲ្យវិលត្រឡប់ទៅប្រទេសកំណើតបឭវិញ ក្រោយពីជនជាតិចិនទាំង៥នាក់នោះ បង្កហឹង្សាដោយចេតនា អុកឡុក បង្កើតឲ្យមានភាពចលាចល ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ទ្រព្យសម្បត្តិ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនៅខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនទាំង៥នាក់ខាងលើ ក្រោយពីកម្លាំងសមត្ថកិច្ចស្នងការខេត្តព្រះសីនុ បង្ក្រាបចាប់ខ្លួនបាន បន្ទាប់ពីពួកគេបង្កការអុកឡុក ដោយចេតនា ខូចខាតទាំងទ្រព្យសម្បត្តិ សណ្តាប់ធ្នាប់ ហើយប្រគល់ឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយមកដល់រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានលោក ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការឯកភាពពីក្រសួងមហាផ្ទៃ និងសម្របសម្រួលផ្លូវច្បាប់ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងនោះ បានធ្វើសន្និសីទកាសែត បង្ហាញមុខជនជាតិចិនទាំង៥នាក់ មុននឹងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ ។
លោកបន្តទៀតថា ជនជាតិចិនទាំង៥នាក់នេះ ក្រោយពីបណ្តេញចេញឲ្យវិលទៅប្រទេសដើមវិញ ហើយមិនអាចវិលត្រឡប់មកប្រទេសកម្ពុជាសារជាថ្មីទៀតឡើយ ។
ក្នុងឱកាសនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមសំណូមពរដល់ សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការផ្តល់ពត៌មាន រាល់ជនបរទេសដែលលួចស្នាក់នៅ និងប្រព្រឹត្តបទល្មើស ដល់សមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើស របស់ជនបរទេសទាំងនោះ ៕