ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានធ្វើការពិសោធន៍លើ ទឹកថ្នាំពណ៌ខ្មៅលុបមិនជ្រះ ដល់តំណាងគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១៧ កក្កដានេះ។
ជាលទ្ធផល គ្មានឡើយការតវ៉ា ឬការរកឃើញថា ទឹកថ្នាំនេះ លុបជ្រះ ឬប៉ះពាល់ដល់សុខភាពរបស់មនុស្ស។ ទឹកថ្នាំជ្រលក់ដៃអ្នកបោះឆ្នោតនេះ មានចំនួន៥ម៉ឺន១ពាន់ដប ដែល គ.ជ.ប បានបញ្ជាទិញពីក្រុមហ៊ុនរដ្ឋឥណ្ឌា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា ភ្នាក់ងារគណបក្សនយោបាយ ដែលត្រូវបានអនុញ្ញាតឲ្យចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ គឺមានជិត ៨ម៉ឺននាក់ (ភ្នាក់ងារពេញសិទ្ធិ ជាង ៥ម៉ឺននាក់ និងភ្នាក់ងារបម្រុង ជិត ៣ម៉ឺននាក់)។
យ៉ាងណាក្ដី ក្នុងចំណោមគណបក្សនយោបាយចំនួន២០ មានគណបក្សចំនួន៦ មិនមានភ្នាក់ងារសម្រាប់ដាក់ឲ្យចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតនោះទេ គឺ គណបក្សពន្លឺថ្មី គណបក្សខ្មែរក្រោក គណបក្សខ្មែរសាធារណរដ្ឋ គណបក្សខ្មែរឈប់ក្រ គណបក្សធម្មាធិបតេយ្យ និងគណបក្សឆន្ទៈខ្មែរ៕