ខេត្តព្រះសីហនុ៖ សកម្មភាពលក់ដូរផលនេសាទសមុទ្រជាមូលដ្ឋាននេះ គឺមានដំណើរការជាធម្មតា បើទោះបីស្ថានភាពធាតុអាកាសមិនសូវអំណោយផល ដោយមានភ្លៀង និងខ្យល់ព្យុះបោកបក់ខ្លាំងបែបណាក្តី។
ងាកមកអាជីវករផ្សារលើបានឲ្យដឹងថា ត្រី ក្តាម មឹក និងបង្គាជាដើម មានលក់ជាធម្មតានៅលើទីផ្សារ ខេត្តព្រះសីហនុ។ នេះបើតាមការឲ្យដឹងរបស់អ្នកគ្រប់គ្រងផ្សារលើ ក្រុងព្រះសីហនុ នៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៨។
អ្នកនេសាទសមុទ្រមួយចំនួន ក៏បានឲ្យដឹងស្រដៀងគ្នាដែរថា រាល់ថ្ងៃនេះ ទូកនេសាទបានចេញនេសាទជាធម្មតា ព្រោះមិនមានខ្យល់កន្ត្រាក់ ឬខ្យល់ព្យុះកើតឡើងធំដុំទេ៕
យ៉ាងនេះក្តី សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្តុនិយម បានរំលឹកដល់បងប្អូនប្រជានេសាទសមុទ្រ ឲ្យបង្កើនការប្រុងប្រយ័ត្ន ពេលចេញធ្វើរបរនេសាទសមុទ្រ ជាពិសេសត្រូវមានឧបករណ៍សង្គ្រោះបឋម ដាក់តាមទូកជាប្រចាំ ដើម្បីការពារខ្លាចមានគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ។
ទាក់ទិនបញ្ហាអាកាសធាតុនេះដែរ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សប្តាហ៍កន្លងទៅនេះ មានកម្មករនេសាទម្នាក់ រស់នៅស្រុកស្ទឹងហាវ បានធ្លាក់ទឹកស្លាប់ពេលចេញធ្វើនេសាទ និងមានទូកនេសាទ១គ្រឿងទៀត បានលិចនៅក្នុងលំហសមុទ្រ ប៉ុន្តែអ្នកនេសាទចំនួន៣នាក់ ដែលនៅលើទូកនេសាទនោះ ត្រូវបានទូកនេសាទដូចគ្នាជួយសង្គ្រោះទាន់ពេលវេលា៕