ភ្នំពេញ ៖ អាជ្ញាធរខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពិធីវាយកំទេចទូហ្គេម ចំនួន១០ទូ( ទូហ្គេមបៀ ទូហ្គេសសេះ) ដែលបានរឹបអូស ពីម្ចាស់ទីតាំងលួចបើកខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។
ក្នុងឱកាសនោះ មានវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក ម៉ៅ សឿត អធិការស្តីទី, លោក គិត សុផល មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌ និងលោកចៅសង្កាត់ទាំង៨ កងកម្លាំងប្រដាប់អាវុធសាលា ជាច្រើរូបទៀត។
បើតាមលោកអភិបាលខណ្ឌច្បារអំពៅ ដែលបានដឹកនាំកម្លាំងក្នុងការបង្ក្រាប និងរឹបអូសទូរហ្គេមទាំងអស់នេះកន្លងមក បានឲ្យដឹងថា កម្លាំងអាជ្ញាធរខណ្ឌច្បារអំពៅ បានធ្វើការចុះបង្ក្រាប និងរឹបអូសទូហ្គេមទាំងនេះ ពីតាមសង្កាត់។
លោកអភិបាលខណ្ឌ បានបន្តទៀតថា ការបង្ក្រាបកន្លែងបើកហ្គេម ជាពិសេសហ្គេមបាញ់ត្រីនេះ ព្រោះវាជាប្រភពនៃល្បែងស៊ីសង ដែលបានបង្កផលប៉ះពាល់ ដល់ការសិក្សារបស់សិស្ស ធ្វើឲ្យពួកគេគេចវេស ការរៀនសូត្រ ពីសាលារៀន ហើយល្បែងទាំងនេះ ក៏ជាប្រភពនៃបទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ផងដែរ។
ដោយឡែកចំពោះម្ចាស់ទីតាំងវិញ ត្រូវបានអភិបាលរូបនេះ បានបញ្ជាក់ថា ខាងសាលាខណ្ឌ បានធ្វើការអប់រំ និងណែនាំដល់ពួកគាត់ មិនឲ្យបើកអាជីវកម្មរបៀបនេះតទៅទៀតទេ ព្រោះវាផ្ទុយទៅ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដែលមិនឲ្យកើតមានល្បែងស៊ីសងក្នុងមូលដ្ឋាន ហើយម្ចាស់ទីតាំទាំងនោះ បានធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរឈប់ប្រកបរបរនេះទៀតហើយ។
ក្នុងនាមអាជ្ញាធរ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅទាំងមូល លោកអភិបាល ចេង មុនីរ៉ា បានសន្យាថា នឹងបន្តសកម្មភាពបង្ក្រាប ជាបន្តបន្ទាប់ទៅថ្ងៃមុខបន្ថែមទៀត ព្រោះអាជ្ញាធរ ជាអ្នកបំរើប្រជារាស្ត្រ បើរវល់គិតតែខ្លាចអំណាច ឬបុណ្យសក្តិរបស់អស់លោកជាអ្នកធំៗ មួយចំនួន តើប្រជារាស្ត្រផ្ញើក្តីរំពឹង និងសេចក្តីទុកចិត្ត ទៅលើអ្នកណាបានទៀតទៅថ្ងៃមុខ៕