ភ្នំពេញ ៖ ជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឲ្យភូមិជាច្រើនក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទទួលរងការជន់លិច និងមានប្រជាពលរដ្ឋជាច្រើនរយនាក់ ត្រូវបានជម្លៀសទៅ រកទីទួលសុវត្ថិភាព។
ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យមើលសភាពការណ៍គ្រោះទឹក
ជំនន់ នាព្រឹកថ្ងៃទី១៩ កក្កដានេះ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការគណៈកម្មាធិការ ជាតិគ្រប់ គ្រងគ្រោះមហន្តរាយ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា បានជម្រុញឲ្យអាជ្ញាធរយកចិត្ត ទុកដាក់ខ្ពស់បំផុតក្នុងការផ្តល់សុវត្ថិភាពជូនពលរដ្ឋ។
បើតាមអាជ្ញាធរខេត្តកំពង់ស្ពឺឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ម្សិលមិញ ជំនន់ទឹក ភ្លៀងបានជន់លិចភូមិចំនួន២៦ ក្នុងឃុំចំនួន៨ នៃស្រុកភ្នំស្រួច ហើយប្រជាពលរដ្ឋចំនួន ២៣០ គ្រួសារ ស្មើនឹង ៦៨៩នាក់ (ស្រី ៣១៦នាក់) ត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព។ អាជ្ញាធរតំបន់បានបន្ថែមថា គ្រោះធម្មជាតិមួយនេះក៏បានធ្វើឲ្យប៉ះពាល់ និងខូចខាតផ្លូវក្រាល កៅស៊ូប្រវែង ៣៥០ម៉ែត្រ លិចលង់ស្រូវ ១១៥៧ហិកតា ដំណាំស្វាយ ២៣២ហិកតា បាក់ទំនប់ និងបាត់សត្វពាហនៈមួយចំនួន។
មានការបញ្ជាក់ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមកថា៖ នាប៉ុន្មានថ្ងៃ
នេះភ្លៀងបានធ្លាក់យ៉ាងខ្លាំងនាំឲ្យកើតមានទឹកជំនន់ ធ្វើឲ្យប៉ះពាល់ធ្ងន់ដល់ខេត្តចំនួន៥ រួម មាន៖ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង។ គ្រោះ ធម្មជាតិមួយនេះបានបង្ខំឲ្យអាជ្ញាធរ និងសមត្ថកិច្ចត្រូវជម្លៀសប្រជាពលរដ្ឋចំនួន ៨៣៧ គ្រួសារទៅរកទីទួលសុវត្ថិភាព។ ជាមួយគ្នានេះស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ ក៏កំពុងបង្កជាការព្រួយបារម្មណ៍ថា នឹងអាចប៉ះពាល់មកលើខណ្ឌដង្កោ រាជធានីភ្នំពេញផងដែរ៕