ខេត្តប៉ៃលិន៖ ដើម្បីចូលរួមទប់ស្កាត់ និងថែរក្សាសុខុមាលភាព របស់ប្រជាពលរដ្ឋនៅខេត្ត ប៉ៃលិន សាខាកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំដោយលោក ឈឹម វាសនា ប្រធានសាខា កាំកុងត្រូល ខេត្ត សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តយុទ្ធនាការ ចុះពិនិត្យមើលទំនិញ និងផ្សព្វ ផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅតាមផ្ទះអាជីវករលក់ទំនិញ និងនៅតាមសាលារៀន នាព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ អូរច្រា កណ្តាល និងភូមិអូរតាពុកក្រោម សង្កាត់ទូល ល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិន បានឲ្យដឹងថា៖ក្រោមការចង្អុល បង្ហាញ និងការយកចិត្តទុកដាក់ពីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានណែនាំឲ្យ មន្ត្រីក្រោមឪវាទ បន្តចុះត្រួតពិនិត្យទំនិញរបស់បងប្អូនអាជីវករ ដែលដាក់តាំងលក់ នៅតាមគេហដ្ឋាន និងតាមសាលារៀន ដើម្បីទប់ស្កាត់ការលួចដាក់តាំងលក់ទំនិញខូចគុណភាពគ្រប់ប្រភេទ និងផ្សព្វ ផ្សាយនូវអ្វីដែលជាប្រយោជន៍ របស់ក្រុមអាជីវករ ឲ្យពួកគាត់ចូលរួមគោរពច្បាប់ និងបញ្ឈប់សកម្មភាព លួចតាំងលក់ទំនិញ ដែលខូចគុណភាព ទំនិញផុតកាលបរិច្ឆេទ ,ការវិចខ្ចប់ គ្មានអនាម័យ ជាដើម ។លោកប្រធាន បានបន្តថា៖ក្នុងការបន្តចុះត្រួតពិនិត្យនេះដែរ មន្ត្រីចម្រុះក៍បានបិទស្លាកសញ្ញាផលិតផល ម្ហូបអាហារ ផ្សព្វផ្សាយ ជូនដល់ក្រុមអាជីវករ និងសិស្សានុសិស្ស ឲ្យបានយល់ដឹងអំពី ទំនិញខូចគុណភាព និងទំនិញផុតកាលបរិច្ឆេទប្រើប្រាស់ លោកក៍បានធ្វើការពន្យល់ណែនាំ ដល់អាជីវករទាំងអស់ កុំឲ្យយកទំនិញណា ដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាត ឬទំនិញ ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មកដាក់តាំងលក់ឲ្យសោះ ព្រោះធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ ជាងនេះទៅទៀត ធ្វើឲ្យយើងខាតបង់ថវិកាគ្រូសារ និងខាតបង់ពេលវេលាផងដែរ។
ឆ្លៀតពេលនោះដែរ មន្ត្រីកាំកុងត្រូល ក៍បានបន្តចុះពិនិត្យតាមដានតំលៃប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូ ដែលតម្លៃទាំងត្រឹមត្រូវតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ប៉ុន្តែក៍មានដេប៉ូខ្លះលក់ទាបជាងតំលៃសេចក្តីជូនដំណឹងរបស់ក្រសួងផងដែរ។
ក្នុងឱកាស បន្តចុះត្រួតពិនិត្យទំនិញនោះដែរមន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ក៍បានដកហូតនូវទំនិញខូចគុណមួយចំនួនមាន៖ទឹកក្រូច ជ័រ៤៨ដប,នំស្រួយ១០កញ្ចប់ធំ,ទឹកដោះគោជូ៦ប្រអប់,ស្កគ្រាប់១៩កញ្ចប់ និងម្ស៉ៅស៊ុបខ្នរ៩០ កញ្ចប់ តូច ហើយទំនិញទាំងនេះត្រូវបានយកទៅរក្សាទុកនៅការិយាល័យសាខាកាំកុងត្រូលខេត្ត រងចំថ្ងៃធ្វើ ការកម្ទេចចោលផងដែរ ៕