ហ្វីលីពីន ៖ អតីតៈប្រធានាធិបតី ហ្វីលីពីន លោកស្រី Gloria Macapagal Arroyo ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសភាតំណាងរាស្ត្រ ជំនួសលោក ប៉ានតាឡេអន អាល់វ៉ារ៉ែស ជាអ្វីដែលមនុស្សទាំងឡាយមើលឃើញថា បំណងបង្កើនអំណាចរបស់លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូតឺតេ ។
តំណាងជាប្រធានសភារបស់សម្ព័ន្ធមិត្តលោក ឌូតឺតេ មានសារសំខាន់សម្រាប់លោកប្រធានាធិបតី ក្នុងការធានាមាគ៌ានយោបាយសំខាន់ៗ ដូចជា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាដើម ។ លោកស្រី Gloria Macapagal Arroyo អាយុ 71 ឆ្នាំ ជាអ្នកធ្លាប់កាន់ដំណែងជាប្រធានាធិបតីពីឆ្នាំ 2001 ដល់ឆ្នាំ 2010 ជាពេលដែលលោកស្រីត្រូវបានឃុំឃាំងអស់រយៈពេល 5 ឆ្នាំក្រោមបទពុករលួយ បានស្បថចូលកាន់ដំណែងជាប្រធានសភា ក្រោយការបោះឆ្នោតដោយសំឡេងគាំទ្រ 184 ទល់នឹង 48 សំឡេងជំទាស់ និង12សំឡេងអនុប្បវាទ ។
លោកស្រី Gloria Macapagal Arroyo បានត្រឡប់ទៅកាន់តួនាទីមានឥទ្ធិពលបំផុតទី4ក្នុងប្រទេស ហ្វីលីពីន ត្រូវបានគេរំពឹងថានឹងធ្វើឲ្យអំណាចរបស់លោកប្រធានាធិបតីកាន់តែកើនឡើងដោយសារតែឥទ្ធិពលនយោបាយរបស់លោកស្រី និងជាអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សសំខាន់ៗដែលរិះគន់លោក ឌូតឺតេ ពិសេសអាចារ្យសាសនាគ្រិស្តដ៏មានឥទ្ធិពលក្នុងប្រទេសនេះ ។
អ្នកវិភាគនយោបាយមួយចំនួនជឿថា លោកស្រី Gloria Macapagal Arroyo ជាមនុស្សមានបទពិសោធន៍ច្រើន និងមានឥទ្ធិពលក្នុងបរិយាកាសនយោបាយ ដែលអាចដល់ការផ្លាស់ប្ដូរណាមួយដែលលោក ឌូតឺតេ ចង់បាន ហើយនៅទីបំផុត អាចស្វះស្វែងរកតំណែងជាប្រធានាធិបតី នៅពេលដែលលោក ឌូតឺតេ បញ្ចប់អាណត្តិ ។
លោកស្រី Gloria Macapagal Arroyo ដែលជាប្រធានសភាស្ត្រីលើកដំបូងសម្រាប់ប្រទេស ហ្វីលីពីន បានចេញសេចក្ដីថ្លែងការណ៍លើកដំបូងដោយបញ្ជាក់ពីការប្ដេជ្ញាអនុវត្តតួនាទី និងគោរពចំពោះការគាំទ្រពីសំណាក់សមាជិកសភាបានបោះឆ្នោតផ្ដល់តួនាទីនេះ ។
បច្ចុប្បន្ន មាននិន្នការកែប្រែរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យប្រទេស ហ្វីលីពីន មាននាយករដ្ឋមន្ត្រី ហើយប្រសិនបើវិសោធនកម្មជោគជ័យ លោកស្រី Gloria Macapagal Arroyo នឹងក្លាយជានាយករដ្ឋមន្ត្រី មុនពេលបោះឆ្នោតប្រធានាធិបតី ៕