ខេត្តកណ្តាល៖សំដៅពង្រឹងសុវត្ថិភាពម្ហូបចំណីអាហារ ជូនប្រជាពលរដ្ឋដែលទិញយកទៅបរិភោគប្រចាំថ្ងៃ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដឹកនាំដោយលោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្ត រួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារ បានចុះពិនិត្យគុណភាពមុខទំនិញដែលកំពុងចររាចរណ៏នៅក្នុងផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងការចុះពិនិត្យគុណភាពទំនិញ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការពិនិត្យគុណភាពអាហារកំប៉ុង និង ផលិតផលផ្សេងៗដែលមានសភាពខួចគុណភាពកំពិទ និងហួសការបរិច្ជេទដែលកំពុងចរាចរណ៍នៅលើទីផ្សារក្នុងគោលបំណងធានា បាននូវសុវត្ថិភាពចំណីអាហារសំរាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ដោយ មិនប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ ក្នុងការត្រួតពិនិត្យក្រុមការងារបានធ្វើការពិនិត្យដោយរថយន្តមន្ទីរពិសោធន៏ចល័តរបស់អគ្គនាយកដ្ឋានកាំកុត្រូល ទៅលើមុខទំនិញរួមមាន៖ បន្លែ គ្រឿងសមុទ្រ ជ្រក់ គុយទាវ មី ផ្លែឈើ បង្អែម ស្ករត្នោតនិងគ្រឿងឧបភោគ បរិភោគ ដែលមានចំនួន៥៧គំរូ ជាលទ្ធផលក្រុមការងារបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ បូរ៉ាក់(Borax) ចំនួន១គំរូលើបង្អែមលតខៀវស្វិតហើយបានធ្វើការដកហូតចំនួន២គីឡូក្រាម ណែនាំអោយឈប់លក់បន្តទៀត និងបានចែកខិតប័ណ្ណអប់រំស្តីពីចំណីអាហារ ជូនដល់អាជីវករដែលគាត់លក់ដូរតាមផ្ទះជុំវិញផ្សារ និងប្រជាពលរដ្ឋផងដែរ។
លោក អ៊ូ ម៉ានូរិន ប្រធានសាខាកាំកុងត្រូល បានក្រើនរំលឹកដល់អាជីវករទាំងអស់ត្រូវលក់តែផលិតផលដែលមានសុវត្ថិភាពមានកាលបរិច្ឆេទត្រឹមត្រូវ ចៀសវាងប្រជាជនទិញយកទៅប្រើប្រាស់នាំអោយប៉ះពាល់ដល់សុខភាពកើតជម្ងឺផ្សេងៗធ្វើអោយប្រជាជនត្រូវចំណាយថវិកាមួយផ្នែកធំដើម្បីព្យាបាលជម្ងឺដែលបង្កឡើងដោយចំណីមិនមានសុវត្ថិភាព៕