នគរបាល​ខេត្តក្រចេះ​ត្រៀម​រួចរាល់​បង្ក្រាប​ឧបាយកល​បំផ្លិចបំផ្លាញ​ការបោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2018 ក+ ក-

​ខេត្តក្រចេះ​៖​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត​ច័ន្ទ​ថា​រិ​ទ្ធ​អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ជម្រុញ​ដល់​កងកម្លាំង​ទាំងអស់​នៅក្នុង​ខេត្តក្រចេះ​ត្រូវ​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ក្នុងការ​ត្រៀម​អន្តរា​គម​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​សកម្មភាព​ក្រុមប្រឆាំង​ខុសច្បាប់​និង​ពួក​អមិត្ត​ដែល​ប៉ុនប៉ង​ឬ​បង្ក​ភាពចលាចល​តាម​គ្រប់រូប​ភាព​ពិសេស​ការកៀងគរ​ប្រមូល​កម្លាំង​ធ្វើបាតុកម្ម​ខុសច្បាប់​ក្នុង​ឧបាយកល​បំផ្លិចបំផ្លាញ​ការបោះឆ្នោត​។​

​ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ធ្វើឡើង​នៅ​ថ្ងៃទី​២៦ កក្កដា ក្នុង​ពី​ធី​ប្រគល់​រថយន្ត​ស៊ី​រ៉ែ​ន​ចំនួន​៦​គ្រឿង ដល់​ស្នងការ​នគរបាល​ខេត្តក្រចេះ សម្រាប់​បែងចែក​ដល់​អធិការ​ស្រុក​,​ក្រុង​ទាំង​៦ ប្រើប្រាស់​ដល់​កិច្ចការងារ​បង្ក្រាប​ទប់​ស្កាត់​បទល្មើស ក៏ដូចជា​ប្រតិ​ប​ត្ត​ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខនេះ​។​

​អគ្គ​ស្នងការរង​នគរបាលជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ​បាន​បន្តថា​កងកម្លាំង​ទាំងអស់​ត្រូវមាន​វត្តមាន​ប្រចាំការ​នៅក្នុង​អង្គភាព​និង​ការគ្រប់គ្រង​ថែរក្សា​ត្រួតពិនិត្យ​មធ្យោបាយ​យានយន្ត​អាវុធ​គ្រាប់រំសេវ​គ្រឿង​សម្ភារ​បរិក្ខារ​គ្រឿង​បំពាក់​ធានាបាន​គុណភាព​ក្នុង​កិច្ចប្រតិបត្តិការ​។​ក្រោយ​ចប់​ការបោះឆ្នោត​កម្លាំង​ដែល​ការពារ​ការិយាល័យ​បោះឆ្នោត​ត្រូវ​ប្រញាប់ប្រញាល់​វិលត្រឡប់​មកកាន់​អង្គភាព​វិញ​ដើម្បី​ត្រៀម​អន្តរាគមន៍​សភាពការណ៍​រហូតដល់​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​បាន​ចប់សព្វគ្រប់​។​

​បើតាម​របាយការណ៍ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ត្រៀមកម្លាំង​អន្តរា​គម​ចំនួន​២០០​នាក់ និង​មាន​កម្លាំង​ចំនួន​ចំនួន​១២៨៤​នាក់ សម្រាប់​ការពារ​ការិយាល័យ​បោះឆ្នោត​ទាំង​៥៥៥​នៅក្នុង​ខេត្តក្រចេះ​។ ដោយឡែក សម្រាប់​កម្លាំង​ប្រជា​ការពារ ក៏មាន​ការត្រៀម​អន្តរា​គម​នៅតាម​បណ្ដា​ស្រុក​-​ក្រុង និង​ប៉ុស្តិ៍នគរបាល​មាន​ចំនួន ៧៤៤​នាក់ ជាមួយគ្នានេះ កម្លាំង​ទាំងនោះ​ក៏បាន​សិក្សា​អំពី​ច្បាប់ ក្រមសីលធម៌ និង​នីតិវិធី​នៃ​ការបោះឆ្នោត​ផងដែរ​៕x