ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានផ្តល់ជំនួយប្រមាណ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីចូលរួមចំណែកជួយជនរងគ្រោះដោយទឹកជំនន់នាថ្មីៗនេះ។
នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ តំណាងឲ្យឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ជូនឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា នូវជំនួយមនុស្សធម៌ដែលមានទឹកប្រាក់ ១០០,០០០ដុល្លារ ផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលឡាវ សម្រាប់ជនរងគ្រោះដោយមហន្តរាយទឹកជំនន់បង្កឡើងដោយការរលំបាក់ទំនប់វារីអគ្គីសនី សេពៀន សេណាំណូយ (Xepien Xenamnouy) នៅក្នុងខេត្តអាតាពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា កម្ពុជាមានការរំជួលចិត្ត និងសោកសៅចំពោះសោកនាដកម្មនេះ ហើយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនឯកឧត្តមបណ្ឌិត ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់នៅក្នុងឧបត្តិហេតុដ៏សោកនាដ កម្ម និងអកុសលនេះ។
ក្នុងពេលជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានផ្ញើលិខិតរំលែកទុក្ខជូនឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដោយសម្តែងសមានចិត្ត និងទុក្ខព្រួយយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជនដែលរងផលប៉ះពាល់ និងជនរងគ្រោះ សម្រាប់ការឈឺចាប់ និងការបាត់បង់ដ៏សោកនាដកម្មនេះ។
សូមបញ្ជាក់ថា នាថ្មីៗនេះ ប្រទេសឡាវបានជួបនូវគ្រោះជំនន់ទឹកភ្លៀង និងគ្រោះទឹកជំនន់ ដែលបណ្តាលមកពីការបាក់ទំនប់វារីអគ្គីសនី សេពៀន សេណាំណូយ (Xepien Xenamnouy) នៅក្នុងខេត្តអាតាពើ ភាគខាងត្បូងប្រទេសឡាវ ដែលបណ្តាលឱ្យប្រជាជនឡាវជាច្រើននាក់ស្លាប់ បាត់ខ្លួន និងរងគ្រោះ៕