កូរ៉េ ៖ ក្រសួងការបរទេស កូរ៉េខាងត្បូង និយាយនៅថ្ងៃអង្គារ៏នេះថា ក្រសួងកំពុងឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ នូវសកម្មភាពរបស់ ប្រទេសកូរ៉េខាងជើង ខណៈផ្កាយរណប ស៊ើបការណ៏សហរដ្ឋអាមេរិក បានរកឃើញ សកម្មភាពសាជាថ្មី នៅរោងចក្រកូរ៉េខាងជើង ដែលផលិត មីស៊ីលផ្លោងអន្តរទ្វិប ដំបូងរបស់ប្រទេសនេះ។
មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេ រិក និយាយទៅកាន់សារព័ត៌មានថា រូបថត បង្ហាញពីយានយន្តកំពុងធ្វើសកម្មភាពចេញ ចូល រោងចក្រមួយកន្លែង នៅតំបន់ សានុមដុង ប៉ុន្តែមិនបានបង្ហាញ ថាតើការកសាង មីស៊ីលឈានដល់កំរិតណាមួយនោះទេ។ ក្រសួងការបរទេស បានបន្ថែមថា ប្រទេសកូរ៉េ ខាងត្បូង កំពុងធ្វើការ យ៉ាងយកចិត្តទុកដាក់ ជាមួយសហរដ្ឋងាមេរិក លើបញ្ហានេះ ដោយគ្មានការផ្តល់ព័ត៌មានលំអិតឡើយ។ រោងចក្រ សានុមដុង បានផលិត មីស៊ីលផ្លោង អន្តរទ្វិប វ៉ាសុង ១៥ ចំនួន២គ្រាប់ ដែលជាមីស៊ីលបាញ់បានឆ្ងាយបំផុត របស់កូរ៉េខាងជើង ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកបានកត់សំគាល់ថាទីក្រុងព្យុងយ៉ាងនៅមិនទាន់សាកល្បងយាន បញ្ចូលសាជាថ្មីដែលជឿទុកចិត្តបាន ដែលមានសមត្ថភាពល្បឿនលឿនជាងសំលេង ឆ្លងកាត់បរិយាកាសផែនដី និងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ៕