ចិន​ផ្តល់ជំនួយ​បន្ទាន់​ដល់​ប្រទេស​ឡាវ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2018 ក+ ក-

 

​ឡាវ ៖ រដ្ឋាភិបាល​ចិន បានផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់ ទៅដល់​រដ្ឋាភិបាល​ឡាវ រយៈពេល​១ ស​ប្តា​ហ៏​បន្ទាប់ពី ការបាក់​ទំនប់​វា​រី​អគ្គីសនី បង្ករ​ឲ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ នៅ​ខេត្ត​អា​តា​ពើ ភាគខាងត្បូង​ប្រទេស​។ ជំនួយ​ត្រូវបាន​ដឹកជញ្ជូន​ដោយ យន្តហោះ​ដឹកទំនិញ បូ​អ៊ី​ញ ៧៤៧ របស់​ក្រុមហ៊ុន​អាកាសចរ​ណ៏ ភាគ​ខាងកើត​ប្រទេស​ចិន ដែល​ជំនួយ​រួមមាន តង់ មុង ទូក ភួយ ឧ​បករ​ណ៏​ប​ន្សុ​ត​ទឹក និង​គ្រឿង​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​ផ្សេងៗ​ទៀត​។ ពិធី ប្រគល់​ត្រូវបាន​ធ្វើឡើង​នៅ ព្រលានយន្តហោះ​អន្តរជាតិ វៀន​ទាន វ៉ា​ត់​តា​យ ដែល​ចូលរួម ដោយ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ប្រទេស​ឡាវ លោក វ៉ាង​វ៉េ​ន​ទៀន និង​អនុរដ្ឋមន្ត្រី​ការងារ និង​សុខមាលភាព​សង្គម ប្រទេស​ឡាវ លោក បៃ​ខាម ខា​ទី​យ៉ា​។

លោក​វ៉ាង និយាយថា ប្រទេស ចិន និង​ប្រទេស​ឡាវ ជា​បងប្អូន​គ្នា តាំងពី​យូ​លង់​ណាស់​មកហើយ នៅពេល មានការ​ចាំបាច់ តែងតែ​អាណិត​និង​ជួយ​គ្នា ជាក់ស្តែង​ពេលនេះ ប្រជាជន​ឡាវ​ជួប​ការ លំបាក​ដោយសារ​ទឹកជំនន់ ប្រទេស​ចិន បាន​ជួយ​ឧបត្ថម​គាំទ្រ​ក្នុងការ​ជួយសង្គ្រោះ​។ អនុរដ្ឋមន្ត្រី​ការងារ និង​សុខមាលភាព​សង្គម ប្រទេស​ឡាវ បាន​សំដែង​ការដឹងគុណ ដល់​រដ្ឋាភិបាល​ចិន សំរាប់​ជំនួយ​របស់​ប្រទេស​នេះ​។ គួ​រំលឹកថា ទំនប់​វា​រី​អគ្គីសនី​ហ្សេ​ពាន ហ្សេ​ណាណ​យ ដែល​កំពុងស្ថិត​ក្រោម​កា​រ​សាងសង់ បាន​បាក់​រលំ​កាលពី​ថ្ងៃទី​២៣ ខែ កក្កដា ក្នុងស្រុក សា​ណា​ម​សាយ ខេត្ត​អា​តា​ពើ ភាគ​អា​គ្នេ​យ៏​ប្រទេស​ឡាវ បង្ករ​ឲ្យ​មាន ទឹក ជំនន់​ធ្ងន់ធ្ងរ និង​មានការ​បំផ្លាញ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ប្រជាជន ប្រមាណ ១៣០០០ នាក់​៕