ភ្នំពេញ ៖ បន្ទាប់ពីការបោះឆ្នោត បានបញ្ចប់ ទៅប្រកបដោយភាពល្អូកល្អឺន តម្លាភាព សេរី និងយុត្តិធម៌ កាលពីពេលកន្លងទៅថ្មីៗនេះ នៅព្រឹកថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៨នេះ អភិបាលរាជធានីភ្នំពេញ បានផ្តល់ផ្លូវ បេតុង និង ដាក់លូជាច្រើនខ្សែ ដល់សហគមអណ្តូងថ្មីរុងរឿង និងសហគមសំព័រថ្មី ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងបានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតតុង និងដាក់លូ ក្នុងសហគមសំរោងមានជ័យ ភូមិអន្លង់ក្ងាន ក្នុងសង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ការផ្តល់ជូននេះ បានធ្វើឡើង ក្នុងពេលចុះពិនិត្យ ឡដុតសំរាមមួយកន្លែង នៅសហគមន៍អណ្តូងថ្មីរុងរឿង ដែលទើបបានបង្កើត ដើម្បីដុតបំផ្លាញសំរាម ជួយបង្កើនបរិស្ថានស្អាតល្អ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍នេះ។
ឡដុតសំរាមមួយកន្លែងនេះ បានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី៣១ កក្កដា ២០១៨ ជាមួយនឹងការចុះពិនិត្យផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ខណ្ឌព្រែកព្នៅផងដែរ។ ក្រៅពីបង្កើតអោយមានឡត៏ដុតសំរាមមួយនេះហើយ អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញអោយមន្ទីរសាធារណការរាជធានីភ្នំពេញ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបន្ថែម ជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ខាងលើផងដែរ។
បន្ទាប់ពីនេះ លោក អភិបាល និង មន្ត្រីជំនាញ ក៏បានបន្តចុះទៅពិនិត្យ នៅសហគមសំរោងមានជ័យ និងបានជំរុញឱ្យ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ ដូចនៅសហគម អណ្តូងថ្មីរុងរឿងនោះដែរ។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម អភិបាល និងមន្ត្រីពាក់ព័ន្ធ ក៏បានបន្តចុះ ទៅសហគមន៍អន្លង់ក្ងាន ក្នុងសង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ និងបានជំរុញឱ្យមន្ត្រីជំនាញពន្លឿនការដ្ឋានស្ថាបនាផ្លូវ និងដាក់លូ ជូនប្រជាពលរដ្ឋ ក្នុងសហគមនោះ ឱ្យបានលឿន ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម។ជាមួយគ្នានោះ ឯកឧត្តម អភិបាល បានជម្រុញ ឱ្យអភិបាលខណ្ឌសែនសុខ និងមន្ត្រីជំនាញពាក់ព័ន្ធរៀបចំដោះស្រាយ លំនៅដ្ឋាន ដែលរងផលប៉ះពាល់ ពីការស្ថាបនា ឱ្យបានពួកគាត់បានទៅរស់នៅកន្លែងរៀបរយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅសហគមខាងលើ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនមកពីសហគមមិនរៀបរយ ប៊ូលឌីញ សំបុក្រចាប ដីក្រហម និងបូរីកីឡា តាំងពីអំឡុងឆ្នាំ២០១៦ រហូត មកដល់បច្ចុប្បន្ន សហគមទាំងនោះ ទទួលបានការអភិវឌ្ឍរីកចំរើន ទាំង ផ្លូវ លូ ទឹក ភ្លើង និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត៕