ភ្នំពេញ៖ រថភ្លើងមានផ្លូវតែមួយ នូវតែមានគ្រោះថ្នាក់ដល់អាយុជីវិត តើមកពីមូលហេតុអ្វី? ។ មនុស្សស្លាប់ភ្លាមៗ ដោយសាររថភ្លើងកិនដាច់ជា២កំណាត់និងបែកសាច់រប៉ាត់រប៉ាយនៅលើផ្លូវដែក បង្កការតក់ស្លុតពីប្រជាពលរដ្ឋរស់នៅជុំវិញកន្លែងកើតហេតុ ។
ករណីរថភ្លើងកិនមនុស្សស្លាប់នេះ កើតឡើងត្រង់ចំណុចផ្លូវដែក ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង០២ និង៣០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ។
ជនរងគ្រោះមានឈ្មោះ សន សុវឌ្ឍនា ភេទប្រុស អាយុ៣៨ឆ្នាំ មិនមានមុខរបរពិតប្រាក ស្នាក់នៅម្តុំវត្តថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះបានមកជួបជុំមិត្តផឹកស៊ីរួមនិងហូបបាយថ្ងៃត្រង់ ពេលនោះរថភ្លើងធ្វើដំណើរឆ្លងកាត់ពីកើតទៅលិចក៏មកដល់ ស្រាប់តែជនរងគ្រោះបានរត់ចូលរថភ្លើងត្រង់ពាក់កណ្តាល ដោយមិនដឹងមូលហេតុអ្វីឡើយ និងស្របពេលកម្មវិធីផឹកស៊ីបានចប់ និងបែកគ្នាផងដែរ ។
យោងតាមអ្នកបើកបររថភ្លើងបានមើលតាមកាំមេរ៉ាសុវត្ថិភាព ប្រាប់អោយដឹងថា រថភ្លើងមិនបានបុកមនុស្សដើរស្របឬលើផ្លូវដែកទេ នៅពេលរថភ្លើងធ្វើដំណើរឆ្លងកាត់ម្តងៗតែងតែចុចស៊ីផ្លេ និងមានអ្នកបិតបើកប៉ារ៉ាស់នៅពេលឆ្លងកាត់ផ្លូវថ្នល់ គឺជនរងគ្រោះបានរត់មកចូលរថភ្លើងធ្វើអត្តឃាតតែម្តង ។
ស្របពេលកើតហេតុភ្លាមៗមានពលរដ្ឋចោមរោមមើលនិងទៅមើលដោយខ្លាចក្រែងមានកូនចៅឬជាសមាជិកក្រុមគ្រួសាររបស់ខ្លួន ព្រមទាំងបានធ្វើសេចក្តីការណ៍ជូនសមត្ថកិច្ចឬអាជ្ញាធរ ចុះមកត្រួតពិនិត្យ ដើម្បីផ្តល់ដំណឹងនិងស្វែងរកសាច់ញាត្តិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕