ការ​ជួញ​ដូរ​មនុស្ស​ក្រោម​រូបភាព​​រៀប​អាពាហ៍​ពិពាហ៍ ទៅ​ប្រទេស​ចិន​មាន​ការ​កើន​ឡើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2014 ក+ ក-

រាជធានីភ្នំពេញ៖ សមាគម​អាដហុក បាន​សម្តែង​ក្តី​កង្វល់ របស់​ខ្លួន ជុំវិញ​ការ​កើន​ឡើង​នូវ​ករណី នៃ​ការ​ជួញដូរ​មនុស្ស ក្រោម​រូបភាព​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន។ ករណី​នេះ បាន​កើន​ពី ៨​ករណី ដែល​មាន​ជន​រងគ្រោះ ចំនួន ៨​នាក់ ក្នុង​ឆ្នាំ ២០១៣ ឡើង​ដល់ ២៦​ករណី ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៤ ដែល​មាន​ជន​រងគ្រោះ​ចំនួន ២៩​នាក់។ នៅ​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៣០​កក្កដា​នេះ នៅ​ទី​ស្នាក់​ការ របស់​ខ្លួន អង្គការ​អាដហុក បាន​រក​ឃើញ​ថា បញ្ហា​ដែល​នាំ​ឲ្យ​ស្ត្រី​រងគ្រោះ​ទាំងនោះ​សម្រេចចិត្ត​រៀបការ​ជាមួយ​បុរស​ ជនជាតិ​ចិន គឺ​បណ្តាលមកពី​កង្វះ​ទីផ្សារការងារ ការបាត់បង់​ដីធ្លី និង​ការ​ជំពាក់​បំណុល​គេ​ជាដើម។

ជាមួយគ្នានេះ ស្ត្រី​រងគ្រោះ​ម្នាក់​ក្នុងចំណោម​ស្ត្រី​រងគ្រោះ៣នាក់​ផ្សេងទៀត ដែល​បាន​បង្ហាញខ្លួន​ក្នុង​សន្និសីទកាសែត​ដែរនោះ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ដោយសារ​កក្តា​ជី​វិភាព​គ្រួសារ​ក្រក្រី​ខ្លាំងពេក ហើយដោយ​មានការ​លួងលោម​ពី​មេខ្យល់​ផង​នោះ នាង​ក៏​សម្រេចចិត្ត​រៀបការ​ជាមួយ​ជនជាតិ​ចិន ដោ​យស​ង្ឈឹ​ម​ថា នឹងមាន​ជីវភាព​ល្អប្រសើរ​នៅ​បរទេស។

ផ្ទុ​ញ​ទៅវិញ ស្ត្រី​រងគ្រោះ​រូបនេះ បាន​ចាញ់បោក​មេខ្យល់ ហើយ​គេ​យក​នាង​ទៅ​លក់​បន្តពេល​ទៅដល់​ប្រទេស​ចិន។ នាង​បាន​បន្ត​ទាំង​ទឹកភ្នែក​ថា នាង​ត្រូវបាន​គេ​បង្ខំ​ឲ្យ​រួមភេទ​ដោយ​ហិង្សា ហើយ​ត្រូវគេ​ឃាត់​ឲ្យ​នៅក្នុង​តែ​បន្ទប់ ដោយ​ពុំ​អនុ​ញ្ញា​ត្តិ​ឲ្យ​ចេញ​ទៅណា​ឡើយ។ ទោះជា​យ៉ាងណា ស្ត្រី​រងគ្រោះ​បាន​ព្យាយាម​រត់គេចខ្លួន​ចំនួន​ពីរលើក ដោយ​ស្វែងរក​ស្ថានទូត​ខ្មែរ​ជួយ​អន្តរាគមន៍​ដែរ ក៏ប៉ុន្តែ​ខាង​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ចិន​បែរជា​ព្រងើយកន្តើយ​ចំពោះ​ បញ្ហា​នេះ​ទៅវិញ។

ជាមួយគ្នានេះ អង្គការ​អាដហុក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ចាញ់បោក​មេខ្យល់​ទៅ​រៀបការ​​ជាមួយ​បុរស​ជនជាតិ​ចិន បាន​ជួប​នូវ​បញ្ហា​មួយចំនួន​ដូចជា ការធ្វើ​ទារុណកម្ម ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការ​បង្អត់អាហារ និង​ការបង្ខំ​ឲ្យ​ធ្វើការ​ដូចជា​ទាសករ​ជាដើម។ សេចក្តីថ្លែងការណ៍​បាន​បន្ត​រថា ពេល​ស្ត្រី​ខ្មែរ​ដែលជា​ជនរងគ្រោះ បាន​រត់​ទៅដល់​ស្ថានទូត ឫ​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ទីនោះ ដើម្បី​សុំ​អន្តរាគមន៍ តែ​មន្ត្រី​ស្ថានទូត​ទាំងនោះ មិន​យកចិត្តទុកដាក់​ចេញមុខ​ដោះស្រាយ​ឡើយ។ ផ្ទុយទៅវិញ បែរជា​ទុក​ឲ្យ​ពួកគាត់​ឈរ​នៅមុខ​ស្ថានទូត ក្រោម​ធាតុអាកាស​ត្រជាក់ និង​មូល​ខាំ ថែមទាំង​មិនមាន​ថវិការ​ជាប់​នឹង​ខ្លួន​សម្រាប់​ទិញ​អាហារ ព្រោះ​មិន​ហ៊ាន​ចេញពី​មុខ​ស្ថានទូត ដោយ​ខ្លាច​អាជ្ញា​រធរ​ចិន​ចាប់ខ្លួន។

ដោយ​ណែនាំ​ឲ្យ​ក្រុមគ្រួសារ​ខ្មែរ​ជាពិសេស​ស្ត្រី​មានការ​ប្រយ័ត្នប្រយែង សមាគម​អាដហុក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ឲ្យ​បាន​តឹងតែង​ ផងដែរ​ចំពោះ​មេខ្យល់​ដែល​បាន​ប្រ​ប្រាស់ រូបភាព​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​ទៅ​ប្រទេស​ចិន ដែល​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​រង​គ្រោះជា​បន្តបន្ទាប់។ សូមបញ្ជាក់ថា​កន្លងមក ក្រសួងមហាផ្ទៃ​បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ចំពោះ​បញ្ហា​នេះដែរដោយ ហើយ​បញ្ជាក់ថា ការ​រៀបការ​ណាមួយ​ជាមួយ​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន លុះត្រាតែ​ឆ្លងកាត់​ការទទួលស្គាល់​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា៕

31f01