ភ្នំពេញ ៖ តាមទិន្នន័យក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨ ការនាំចេញអង្កររបស់កម្ពុជា នៅតែបន្តធ្លាក់ចុះជាង៦ភាគរយ
ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងប្រឹងប្រែងជំរុញផលិតភាពដើម្បីធានាតម្លៃស្រូវអង្ករ តាមរយៈការត្រៀមកញ្ចប់ថវិកាប្រមាណ៥០លានដុល្លារអាមេរិកក្នុងឆ្នាំនេះ រួមនិងការបង្កើតឃ្លាំងស្តុកស្រូវអង្ករយ៉ាងណាក្តី។
លេខាធិការដ្ឋានច្រកចេញចូលតែមួយ បានបង្ហាញរបាយការណ៍ថា ការនាំចេញអង្កររបស់កម្ពុជា នៅក្នុងខែកក្តដា ឆ្នាំ២០១៨ កន្លងទៅនេះ មានចំនួន ២ម៉ឺន៥ពាន់ ៥៤៣តោន គឺធ្លាក់ចុះ ៧.១ភាគរយ ធៀបនឹងខែកក្តដា ឆ្នាំ២០១៧។ បើគិតសរុបក្នុងរយៈពេល៧ខែឆ្នាំ២០១៨ វិញ កម្ពុជាបាននាំចេញអង្ករចេញចំនួន ២៩ម៉ឺន ៧ពាន់ ៨០តោន ដែលតួលេខនេះបញ្ជាក់ថា នៅតែបន្ដធ្លាក់ចុះក្នុងអត្រា ៦,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលមានចំនួន ៣១ម៉ឺន ៥ពាន់ ៩១៦តោន ។
របាយការណ៍ដដែលបង្ហាញថា ក្នុងរយៈពេល៧ខែ គិតចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ២០១៨ គឺមានតែខែមករា និងខែមិថុនា ដែលទិន្នន័យនាំចេញអង្ករមានសញ្ញាវិជ្ជមាន។ ក្នុងចំនួនសរុបនៃអង្ករនាំចេញរយៈពេល៧ខែនេះ ប្រភេទអង្ករក្រអូប មានច្រើនជាងគេរហូតដល់៧៣.៣៥ភាគរយ ប្រភេទអង្ករសគ្រាប់វែង មាន២០.១៧ភាគរយ និងប្រភេទអង្ករចំហុយគ្រាប់វែង មាន ៦.៤៨ភាគរយ។
ក្នុងចំណោមអង្ករដែលនាំចេញទៅកាន់ប្រទេសចំនួន៥៩ គឺប្រទេសចិន នៅតែជាទីផ្សារទី១នាំចូលអង្កររបស់កម្ពុជា បន្ទាប់គឺប្រទេសបារាំង និង ប្រទេសម៉ាឡេស៊ី។ ចំពោះការធ្លាក់តួលេខនៃការនាំចេញអង្កររយៈពេល៧ខែនេះដែរ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មើលឃើញថា ដោយសារតែវិស័យឯកជនខ្វះស្រូវកិនជាអង្ករ សម្រាប់ធ្វើការនាំចេញ និងដោយសាររោងម៉ាស៊ីនកិនស្រូវមិនអាចទិញស្រូវស្ដុកទុកបានពេញ១ឆ្នាំ។ ហើយកត្តាដែលមិនមានស្រូវស្ដុកក្នុងការនាំចេញទៀតសោត គឺស្របពេលដែលស្រូវស្រាលកំពុងចាប់ផ្តើមប្រមូលផល។
បើតាមការលើកឡើងរបស់ក្រុមហ៊ុននាំអង្ករចេញក្នុងស្រុកភាគច្រើន យល់ឃើញថា ទោះបីជាកម្ពុជាទទួលបានកូតានាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន កើនឡើងដល់ ៣០ម៉ឺនតោន នៅឆ្នាំនេះក្តី ប៉ុន្តែបញ្ហាឃ្លាំងស្ដុកស្រូវ ឡសម្ងួត និងបញ្ហាហិរញ្ញប្បទាន នៅតែជាឧបសគ្គសម្រាប់ការសម្រេចបានតាមទិសដៅកំណត់របស់កម្ពុជាក្នុងការនាំចេញអង្ករអោយបានមួយលានតោនក្នុងមួយឆ្នាំ។
កាល ពីឆ្នាំ២០១៧ បរិមាណអង្ករនាំចេញក្នុងក្របខណ្ឌនៃច្រកចេញ-ចូលតែមួយសម្រេចបានចំនួនត្រឹមជាង៦៣ម៉ឺន៥៦៩៧តោន។
គួរកត់សំគាល់ថា នៅដើមខែសីហានេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឃ្លាំងស្តុកស្រូវ អោយបានគ្រប់គ្រាន់ ខណៈដែល កម្ពុជាមានអតិរេកស្រូវច្រើនជាង៥លានតោន ដែលគិតជាអង្ករស្មើនឹងជាង៣លានតោន រួមនិងបង្កើនឥណទានជាទុនបង្វិលរហូតដល់៥០លានដុល្លារអាមេរិក ដែលក្នុងនោះមានកញ្ចប់ថវិកា ពិសេសរបស់រដ្ឋចំនួន៤៣លានដុល្លាររួមនិងមូលនិធិផ្ទាល់របស់ធនាគារអភិវឌ្ឍន៍ជនបទចំនួន៧លានដុល្លារ ដើម្បីផ្តល់ទៅឲ្យរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃ និងនាំចេញអង្ករ និងមជ្ឈមណ្ឌល ឬអ្នកប្រមូលទិញស្រូវ សម្រាប់ប្រមូលទិញស្រូវនារដូវប្រមូលផលនាពេលខាងមុខ ដើម្បីទប់ស្កាត់កុំអោយតម្លៃស្រូវរបស់កសិករមានការធ្លាក់ចុះទាបជាងទីផ្សារ៕