ស្រុក​ចំនួន​៤​នៅ​ខេត្តព្រៃវែង​កំពុង​ជួប​គ្រោះរាំងស្ងួត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2018 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មការ​គ្រោះមហន្តរាយ​ខេត្តព្រៃវែង បានបង្ហាញ​ឲ្យ​ដឹង​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ នេះ​ថា គិត​មកដល់​ត្រឹម​ដើមខែ​សីហា​នេះ ទឹកជំនន់​បាន​បង្ក​ផលប៉ះពាល់​ទៅលើ​ស្រុក​ចំនួន​៦​ក្នុង​ខេត្តព្រៃវែង ដែល​ធ្វើឱ្យ​ផ្លូវ សាលារៀន ផ្ទះសម្បែង​  និងស្រុក​ចំនួន​៤ ក្នុងខេត្តនេះ កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត ធ្វើ​ឲ្យ​ស្រែ​ស្រូវ​របស់​ប្រជាកសិករ សរុប​ចំនួន​១២.៥៧៣​ហិកតា ប្រឈម​នឹង​ការ​ស្វិត​ងាប់ ដោយសារ​ខ្វះ​ទឹក​។​

​ក្នុងស្រុក​ចំនួន​៤ នៅ​ខេត្តព្រៃវែង ដែល​កំពុង​រងគ្រោះ​នោះ​មាន គឺ​ស្រុក​កំពង់ត្របែក ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​ព្រះស្តេច និង​ស្រុក​បាភ្នំ​។​

ចំណែក​ស្រុក​ដែល​រង​ផល​ប៉​​ពាល់​ដោយ​ទឹកជំនន់​រួមមាន ៖

-​ ​ស្រុក​ពាម​រក៍ ប៉ះពាល់​ចំនួន ៨​ឃុំ​
-​ ​ស្រុក​ស៊ីធរ​កណ្តាល ប៉ះពាល់ ១០​ឃុំ​
-​ ​ស្រុក​ព្រះស្តេច ប៉ះពាល់ ១​ឃុំ​
-​ ​ស្រុក​កំចាយមារ ប៉ះពាល់ ៤​ឃុំ​
-​ ​ស្រុក​ពារាំង ប៉ះពាល់ ៥​ឃុំ និង​
-​ ​ស្រុក​ពោ​ធ៌​រៀង ប៉ះពាល់ ៤​ឃុំ​
​ក្នុងនោះ ទឹកបាន​លិច​ចូល​ក្រោមផ្ទះ​អ្នកស្រុក​ចំនួន ៤៥៨​ខ្នង ប៉ះពាល់​ផ្លូវ​ប្រវែង ២៨៥៦៦​ម៉ែត្រ លិច​ចូល​សាលារៀន​ចំនួន ១១​កន្លែង មណ្ឌល​សុខភាព ១​កន្លែង វត្ត ១​កន្លែង និង​ប៉ះពាល់​ស្រូវ​ចំនួន​៦៧១៣៥​ហិកតា រួមជាមួយ​ដំណាំ​ផ្សេងៗ​ចំនួន​១៧​ហិកតា​។​
​បច្ចុប្បន្ននេះ​អាជ្ញាធរខេត្ត បាន​សហការ​ជាមួយ​អង្គភាព​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ចុះជួយ​អន្តរាគមន៍​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​ទាំងអស់នោះ​ជា​បណ្ដើៗ​៕