កំពង់ចាម ៖ បុរសម្នាក់បានដេកស្លាប់កើយលើភ្លឺស្រែក្បែរភូមិ បន្ទាប់ពីចេញបាត់ពីផ្ទះទៅឆក់ត្រី។ សមត្ថកិច្ចអះអាងថា ការស្លាប់នេះ អាចបណ្តាលមកពីបុរសនោះ ខ្វះការប្រុងប្រយ័ត្ន នាំឲ្យឆក់ខ្លួនឯងស្លាប់។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី 07-8-2018 វេលាម៉ោង 8,00នាទីព្រឹក នៅចំណុចវាលខាងត្បូងភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ ចំងាយ500 ម. បានប្រទះឃើញសាកសពបុរសខាងលើ ដេកស្លាប់គងលើភ្លឺស្រែមានទឹកដោយមានឧបករណ៍ឆក់ត្រីមួយសំរាប់នៅជាប់នឹងខ្លួន ។
ប្រភពដដែលបន្តថា ជនរងគ្រោះឈ្មោះ ចែម រិទ្ធ អាយុ38ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ បានចេញពីផ្ទះបំណងទៅឆក់ត្រីនៅតាមវាលស្រែ កាលពីយប់ថ្ងៃទី06-8-2018 នៅចំណុចកើតហេតុខាងលើ ហើយក៍ត្រូវឧបករណ៍ឆក់ត្រីឆក់ខ្លួនឯងស្លាប់តែម្តង។
ការពិនិត្យសាកសព ផ្នែកក្បាល ក ដងខ្លួន និងអវៈយវៈ ពុំមានស្លាកស្នាម ដែលគួរឲ្យសង្ស័យលើករណីឃាតកម្មនោះឡើយ ប៉ុន្តែនៅលើបាត ដៃខាងស្តាំ មានស្នាមខ្លោច ដែលអាចសន្និដ្ឋាន ថាឈ្មោះ ចែម រិទ្ធ គឺពិតជាស្លាប់ ដោយសារឧបករណ៍ឆក់ត្រីរបស់ខ្លួនឯងឆក់ឆេះខ្លោចបាតដៃប្រាកដមែន។ ក្រោយពីពិនិត្យធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកមកធ្វើបុណ្យនៅឯគេហដ្ឋាន តាមគន្លងប្រពៃណី៕ ប.សុផល