ភ្នំពេញ ៖ យោងតាមព្រះរាជក្រមដែលចេញដោយព្រះមហាក្សត្រ ប្រកាសឲ្យប្រើកាលពីចុងខែមិថុនា ឆ្នាំ២០១៨ ដោយបានកែប្រែផ្អែកលើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីចាស់ តាំងពីឆ្នាំ១៩៩៤នោះ សមាជិករដ្ឋាភិបាលនៅអាណត្តិទី៦ នេះ នឹងមានប្រមាណតែជាង៣០រូប ប៉ុណ្ណោះ ខុសពីអាណត្តិមុន មានទៅដល់ជាង២០០នាក់ ដែលត្រូវបានគេរិះគន់ថា ជារដ្ឋាភិបាលក្បាលដំរី កន្ទុយកណ្តុរ។
គួរជម្រាបថា ចំនួនសមាជិករដ្ឋាភិបាលកម្ពុជា ដែលធ្លាប់តែមានដល់ទៅរាប់រយនាក់កាលពីអាណត្តិមុន ហើយធ្លាក់មកសល់តិចតួចក្នុងអាណត្តិទី៦ នេះ គឺដោយសារតែសមាសភាពរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការដ៏ច្រើនសន្ធឹកសន្ធាប់ មិនត្រូវបានរាប់បញ្ចូលជាសមាជិករដ្ឋាភិបាលដូចអាណត្តិមុនៗទៀតទេ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិករដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៦ នេះ នៅសល់ប្រមាណតែ៣០នាក់ប៉ុណ្ណោះ។ សម្តេចថា ក្នុងនាមលោកជាប្រធានគណបក្សដែលឈ្នះការបោះឆ្នោត និងជាអនាគតនាយករដ្ឋមន្ត្រីអាណត្តិទី៦ គឺសម្តេចបានជ្រើសរើសរួចរាល់អស់ហើយថា អ្នកណាខ្លះនឹងត្រូវធ្វើជារដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនេះ។ ចំណែកក្បាលម៉ាស៊ីនរដ្ឋសភា ក៏សម្តេចបានរៀបចំរួចហើយដែរ៕