កណ្តាល ៖ បន្ទាប់ពីមានការតវ៉ាពីសំណាក់កម្មករជិត២០០នាក់ ទាមទារឱ្យថៅកែរោងចក្រ ចែស៊ីង បើកប្រាក់ខែឱ្យដោយពួកគេបានបិទផ្លូវ និងឃាត់រថយន្តរបស់សិប្បកម្មមិនឱ្យដឹកអីវ៉ាន់ចេញកាលពីពេលថ្មីៗនោះ នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្អាងភ្នំ បានដឹកនាំក្រុមការងារទៅសម្របសម្រួលជាមួយកម្មករ និងថៅកែសិប្បកម្ម ចែស៊ីង ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
បន្ទាប់ពីធ្វើការសម្របសម្រួលរវាងកម្មករ និងថៅកែសិប្បកម្ម ចែស៊ីង រួចមក លោកស្នងការ បានបញ្ជាឱ្យថៅកែសិប្បកម្មខាងលើនេះ បើកប្រាក់ខែឱ្យកម្មករដែលនៅសល់ចំនួន១៧៣នាក់នៅវេលាម៉ោង១១៖០០នាទីយប់ ថ្ងៃនេះតែម្ដង ។ ចំណែកកម្មករដែលមិនទាន់បានមកបើកយប់នេះមានចំនួន៥៨នាក់ស្មើនឹងប្រាក់ចំនួន៣.០៧២ដុល្លារ និងបន្តបើកឱ្យអស់នៅថ្ងែទី៩ ខែសីហា វេលាម៉ោង ៨ និង០០នាទីព្រឹក ។
ក្រោយពីបានបើកប្រាក់ខែរួចកម្មករបានថ្លែងអំណគុណដល់ លោកស្នងការ និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ពីសុខនិងទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករ គ្រប់ពេលវេលាជានិច្ច ៕