ភ្នំពេញ ៖ ប៉ូលិសនៃអគ្គស្នងការនគរបាល ម្នាក់ត្រូវបាននគរបាលខណ្ឌពោធិសែនជយ័ ឃាត់ខ្លួនក្រោយពេលផ្ទុះអាវុធជិត១០គ្រាប់ ផ្អើលពលរដ្ឋ និងសមត្ថកិច្ចនៅពោធិសែនជយ័។
ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤០នាទី រសៀលថ្ងៃទី៨ ខែសីហា ស្ថិតនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញលោកប៉ូលិសដែលបាញ់បោះដោយសេរីរូបនេះ កាន់កាំភ្លើងខ្លី១ដើមដើរចុះ ដើរឡើង នៅមុខបន្ទប់ជួល ហើយក៏បានបាញ់ឡើងលើគំរាមមេឃជាច្រើនគ្រាប់ផ្អើលអស់អ្នកជិតខាង និងឮដល់កម្លាំងនគរបាលខណ្ឌពោធិសែនជយ័ ចុះមកសាកសួរនិងចាប់ឃាត់ខ្លួនតែម្តង។
នគរបាលខណ្ឌពោធិសែនជយ័បានអោយដឹងថា លោកប៉ូលិសដែលផ្ទុះអាវុធខាងលើមានឈ្មោះ កែវ សុផល អាយុ៤០ឆ្នាំ ជាមន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាន ស្នាក់នៅបន្ទប់ជួលខាងលើ។
យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនបានបញ្ជាក់ពីមូលហេតុពិតដែលនាំឲ្យនគរបាលរូបនេះ ផ្ទុះកំហឹងឈានដល់ការបាញ់បោះសេរីនោះទេ តែបច្ចប្បន្នលោកប៉ូលិសខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជយ័ និងអាចបញ្ជូនទៅសាកសួរបន្តនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធិ៕ ស.ស.