ស្តាប់​ការ​ប្រឌិត​រឿង​«​ចាប់​ក្មេងស្រី​បង្ខាំង​ជាង​១០​នាក់​»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2018 ក+ ក-

​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹងថា​នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​សាកសួរ​យុវតី ឈ្មោះ ស៊ុ ណា​វីន ដែល​បានប្រកាសថា​មាន​ជន​មួយក្រុម​ចាប់​បង្ខាំង​កាលពី​ថ្ងៃទី​៣ ខែសីហា កន្លង​ទៅនោះ​មិនមែនជា​ការពិត​នោះទេ​។​

​លោក​អធិការ​បន្តថា​កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ យុវតី​ខាងលើ​បាន​ចេញពីផ្ទះ​មក​លក់​ម៉ូតូ​នៅ​ហាង​លក់​ម៉ូតូ ហី​ហោ ឡាក់​គី ផ្ទះ​លេខ​១២៧-១២៩Eo មហាវិថី​ព្រះសីហនុ សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ តម្លៃ​៦៥០​ដុល្លារ​។ បន្ទាប់ពី​លក់បាន​លុយ​ហើយ​យុវតី​ខាងលើ​បាន​យកលុយ​នោះ​ទៅ​ចាយវាយ ហើយ​យុវតី​ខាងលើ​បានមក​រក​ទិញ​ម៉ូតូ​Today មួយគ្រឿង​វិញ​តំលៃ​៤៥០​ដុល្លា​សម្រាប់​ជិះ​បន្ទាប់មក​ក៏​យក​ម៉ូតូ​ទៅ​លក់​អោយ​អ្នកលក់​ម៉ូតូ​វិញ​តម្លៃ​៤០០​ដុល្លា​ដោយ​ប្រាប់ថា​ប្រញាប់​យកលុយ​ទៅ​ជួយ​ឪពុក​ដែល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​

​យុវតី​ដែល​បង្កចលាចល​ផ្អើល​សមត្ថកិច្ច​ស្ទើរ​មួយ​ប្រទេស​នេះ​ឈ្មោះ ស៊ុ ដា​វីន ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​

​សូម​រំ​ឮ​កថា កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្លូវ​៥០​ម៉ែត្រ ភូមិ​ពាម សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ ដោយ​អះអាង​ពីរ​ឪពុក​យុវតី ថា​មាន​ករណី​មនុស្ស​មួយក្រុម​ចាប់​បង្ខាំង​កូនស្រី​របស់គាត់​យកទៅ​លាក់ទុក​ក្នុងផ្ទះ​មួយកន្លែង​នៅ​ខណ្ឌចំការមន​។

​លុះដល់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​រួមសហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ ព្រមទាំង​កម្លាំង​អាវុធហត្ថ បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ប្រមូល​ពាក្យបណ្តឹង​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​២៥​ខេត្ត ក្រុង គឺ​ពុំមាន​បានទទួល​បណ្តឹង​ពី​អាណាព្យាបាល​ក្មេងស្រី​ជាង​១០​នាក់​ផ្សេងទៀត​ដែល​បាន​បាត់​កូន​របស់ខ្លួន​នោះទេ ។ ដូច្នេះ​ការរៀប​របស់​យុវតី ស៊ុ ណា​វីន ដែលថា​មាន​យុវតី​ជាង​១០​នាក់​ដែល​ជន​មិន​ស្គាល់មុខ​បង្ខាំង​ទុក​យកទៅលក់​នោះ​ដូចជា​រៀង​ប្រឌិត ដើម្បី​ឆ្លើយ​យករួចខ្លួន​ពី​ឪពុកម្តាយ​របស់​នាង​ដែល​ខ្លួន​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ ព្រោះ​ខ្លាច ឪពុកម្តាយ​រករឿង​ទើប​នាង​ឆ្លើយ​ដូច្នេះ​។​

​តែ​ទោះជា​យ៉ាងណា​ឪពុក​យុវតី​ខាងលើ​នោះ នៅតែ​អះអាងថា​កូន​គាត់​ត្រូវគេ​ចាប់​ញាត់​ចូល​រថយន្ត​ដឹកយក​ទៅ​បង្ខាំង​ទុកជា​មួយ​ក្មេងស្រី​១០​នាក់​ផ្សេងទៀត ហើយ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែសីហា​ឆ្នាំ​២០១៨ នេះ រូបគាត់​ក៏បាន​នាំ​សមត្ថកិច្ច​ទៅ​ចង្អុល​ចំណុច​ដែល​ពួក​ជនសង្ស័យ​ចាប់​កូន​របស់គាត់​។ ទោះជា​យ៉ាងណា រឿងនេះ​ជាការ​ពិត ឬ​ជាការ​ប្រឌិត​នោះ​សមត្ថកិច្ច​នៅតែ​បន្ត​ការស្រាវជ្រាវ​រង់ចាំ​យុវតី​ខាងលើ​ចេញពី​មន្ទីរពេទ្យ​សិន​ដោយសារតែ​ពេលនេះ​នាង​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រោះ​អាកា​រៈ​របស់​យុវតី​រងគ្រោះ​នេះ​ពុំទាន់​បាន​ធូរស្បើយ​នៅឡើយ​នោះទេ​។​

​ហើយ​នៅ​រសៀល​ថ្ងៃទី​០៩ សីហា នេះ ឪពុក​បង្កើត​របស់​យុវតី​ខាងលើ បាន​ចេញមក​បកស្រាយ​សុំទោស​ជា​សា​ធា​រណះ​ដល់​ថ្នាក់ដឹកនាំ​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ​។​

​ជា​ចុងក្រោយ​សូម​ឲ្យ​អាណាព្យាបាល​ទាំងអស់​មេត្តា​តាមដាន​កូនៗ​គ្រប់រូប​ប្រយ័ត្ន មានរឿង​កើតឡើង​ដូច​ឪពុក​យុវតី​ខាងលើនេះ​ទៀត ៕