ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវជាបន្ទាន់ចំពោះអត្តសញ្ញាណជនអនាមិកដែលបានចូល ហេក (Hack) ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ការចេញបញ្ជាឲ្យតាមចាប់ខ្លួនជនអនាមិកដែល ហេក ទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នេះ គឺនៅ ក្រោយពេលដែលជននោះបានចូល ហេក ប្រព័ន្ធហ្វេសប៊ុករបស់សម្តេចតេជោ ហើយបានសរសេរព័ត៌មានដោយ ក្លែងក្លាយ បង្ហោះនៅព្រឹកថ្ងៃទី១០ ខែសីហា នេះ ថា «គណបក្សប្រជាជនកម្ពុជា នឹងចែករំលែក ៤អាសនៈទៅគណ បក្ស ២ផ្សេងទៀត ពោលគឺ ២អាសនៈជូនទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង២អាសនៈទៀតជូនទៅ គណបក្សហ្វ៊ុនស៊ិនប៉ិច-។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការដែលយក Facebook នេះ មកគ្រប់គ្រងវិញបាន ដោយសារតែមានកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុន Facebook ផ្ទាល់តែម្តង ហើយនៅពេល នេះ កម្លាំងជំនាញបានរកឃើញតម្រុយមួយចំនួនហើយ ក្នុងនោះគឺជនទុច្ចរិតដែលវាយប្រហារ (Hack) Facebook សម្តេចតេជោ ហ៊ុន សែន គឺមាននិន្នាការប្រឆាំង ដែលអ្នកខ្លះកំពុងលាក់ខ្លួននៅក្រៅប្រទេស។ ឯ.ឧ. ខៀវ សុភ័គ អះអាងថា កម្ពុជានឹងសហការជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីតាមចាប់ខ្លួនក្រុម Hacker ទាំងនោះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងប្រាប់បណ្តាញព័ត៌មាននៅល្ងាចថ្ងៃទី១០ ខែសីហា នេះថា សមត្ថកិច្ចជំនាញមានតម្រុយខ្លះហើយ ពាក់ព័ន្ធអ្នកលួច Hack ហ្វេសប៊ុកសម្តេច ហ៊ុន សែន ហើយសមត្ថកិច្ចកំពុងតែបន្តធ្វើការស្រាវជ្រាវ និងរៀបចំនីតិវិធីបញ្ជូនសំណុំរឿងទៅតុលាការ។
ឯ.ឧ. ខៀវ សុភ័គ បានបញ្ជាក់ទៀតថា ចេតនារបស់ក្រុម Hacker ដែលវាយប្រហារ Facebook សម្តេច តេជោគឺគោលបំណងដើម្បីបំផ្លាញដល់សន្តិសុខ និងបង្កភាពភាន់ច្រឡំចំពោះការបោះឆ្នោតនៅកម្ពុជា ចំពោះករណី នេះ ក្រុមជំនាញកំពុងរៀបចំកសាងសំណុំរឿងទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
សូមជម្រាបថា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា Samdech Hun Sen Cambodian Prime Minister ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រងបានរយៈពេលជាងមួយម៉ោងប៉ុណ្ណោះ ហើយនៅពេលនេះ ត្រូវបានយកមកគ្រប់គ្រងវិញហើយ៕