អ៊ីរ៉ង់ ៖ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី បានព្រមានថា រដ្ឋបាលសហរដ្ឋអាមេរិកមិនអាចទុកចិត្តបានទេ ខណះដែលលោកបានជួបជាមួយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ ក្នុងទីក្រុងតេអេរ៉ង់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាមួយ កាលពីខែមិថុនា ដើម្បីដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015 ដោយផ្តោតលើ វិស័យសំខាន់ៗនៃសេដ្ឋកិច្ចអ៊ីរ៉ង់។
លោករូហានី បាននិយាយថា អាកប្បកិរិយារបស់ក្រុងវ៉ាស៊ីនតោន ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានបង្ហាញថា សហរដ្ឋអាមេរិកមិនបានត្រៀមខ្លួន ដើម្បីរក្សាការសន្យាកិច្ចព្រមព្រៀងអន្តរជាតិរបស់ខ្លួននោះទេ ។
សារព័ត៌មានIRINN បានរាយការណ៍ថា ក្នុងអំឡុងពេលនៃជំនួប ជាមួយ លោក រី យ៉ុងហូ លោករូហានី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបង្កើតសន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េផងដែរ។
ក្រុមមន្ត្រីអាមេរិកបាននិយាយ កាលពីពេលថ្មីៗនេះថា ពួកគេមានបំណងដាក់សម្ពាធ លើបណ្តាប្រទេសជាច្រើន ឱ្យបញ្ឈប់ការទិញប្រេងពីអ៊ីរ៉ង់ ក្នុងគោលបំណងបង្ខំឱ្យរដ្ឋាភិបាល ទីក្រុងតេអេរ៉ង់ ផ្អាកកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល និងការចូលរួមនៅក្នុងជម្លោះក្នុងតំបន់ នៅក្នុងប្រទេស ស៊ីរី និងអ៊ីរ៉ាក់៕