តុលាការបន្តនីតិវិធីសំណុំរឿងថ្មីមួយទៀតរបស់លោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមបើកការសាកសួរលើសំណុំរឿងមួយថ្មីទៀតរបស់ លោក គឹម សុខ អ្នកតាមដាននយោបាយ និងវិភាគសង្គម បន្ទាប់ពីបានពិនិត្យមើលលើការអនុវត្តទោសកន្លងមក ដែលចោទប្រកាន់លើគណបក្សប្រជាជនកម្ពុជា នៅក្នុងសំណុំរឿងទី១ ជិតគ្រប់ចំនួនកំណត់។
លោក គឹម សុខ ត្រូវបានប្តឹងចំនួន២ករណីដោយលោក គី តិច មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីលោកបានចោទប្រកាន់ទៅលើរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ក្នុងសំណុំរឿងទី១ លោក គឹម សុខ បានចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ចំណែកសំណុំរឿងទី២គឺលោក គឹម សុខ បានចោទរាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នកបង្កើតប្រព័ន្ធសម្លាប់មនុស្សតែរកឃាតករមិនឃើញ។
នៅក្នុងសំណុំរឿងទី១កន្លងមកនេះ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល បន្ទាប់ពីលោកត្រូវបានឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងថ្មីនេះ បានបញ្ជាក់ឱ្យដឹងថា សម្រាប់សំណុំរឿងទី១ របស់ លោក គឹម សុខ តុលាការនឹងអនុវត្តទៅតាមនីតិវិធីបន្ទាប់ពីលោកអនុវត្តទោសបានគ្រប់ចំនួន។ លោក សៀង សុខ បានបញ្ជាក់ថា សម្រាប់សំណុំរឿងទី២នេះ តុលាការកំពុងធ្វើតាមនីតិវិធីសាកសួរ ហើយនឹងសាកសួរនៅពេលក្រោយទៀត។
គួរបញ្ជាក់ថា ទណ្ឌិត គឹម សុខ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ ត្រូវបានពន្ធនាគារនាំខ្លួនមកកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរនៅអយ្យការ និងពិនិត្យលើការអនុវត្តទោសរបស់លោកក្នុងពន្ធគារ ដើម្បីពិចារណាថា តើត្រូវដោះលែង ឬបន្តឃុំខ្លួនទៀត។
រហូតមកដល់ពេលនេះ ក្នុងសំណុំរឿងទី១ លោក គឹម សុខ បានអនុវត្តទោសជិតដល់ចំនួន១៨ខែហើយនៅខ្វះតែ២ថ្ងៃទៀតប៉ុណ្ណោះ។
លោក គឹម សុខ កំពុងប្រឈមនឹងសំណុំរឿងថ្មីមួយទៀត ដែលលោកបានចោទប្រកាន់តាំងពីមុនឃុំខ្លួន៕