ភ្នំពេញ ៖ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ រួចមក នៅពេលនេះគណបក្សប្រជាជនកម្ពុជាបានប្រកាសថា ការបោះឆ្នោត នេះបានធ្វើឡើងដោយសេរី យុត្តិធម៌ និងមានតម្លាភាព ហើយថាគណបក្សនឹងធ្វើសន្និសីទ សារព័ត៍មានមួយនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក នៅសណ្ឋា គារសូហ្វីតែលភូគីត្រា ដែលនិយាយពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយសន្និ សីទសារព័ត៍មាននេះនឹងមានការអញ្ជើញចូលរួមពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាទាំង ៣រូបមានៈ លោក សុខ ឥសាន លោក សួស យ៉ារ៉ា និងលោក ឈឹម ផលវរុន។
នៅក្នុងសេចក្តីប្រកាសព័ត៍មានរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៤ សីហា បាន រៀបរាប់ថា ការបោះឆ្នោតនេះត្រូវបានចូលរួមដោយអ្នកបោះឆ្នោតដែលមានលក្ខណសម្បត្តិ គ្រប់គ្រាន់ យ៉ាងកុះករ និងបានទទួលស្គាល់ដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមកពី បណ្តាប្រទេសជុំវិញពិភពលោក ថាជាសញ្ញាណបញ្ជាក់យ៉ាងច្បាស់នូវភាពចាស់ទុំរបស់កម្ពុជា នៅក្នុងលទ្ធិប្រជាធិបតេយ្យ។
តាមការគ្រោងទុកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងការប្រកាស
លទ្ធផលផ្លូវការនៅយប់ថ្ងៃទី១៥ សីហានេះ ហើយនៅក្រោយការប្រកាសលទ្ធផលផ្លូវការនេះ រដ្ឋសភា នីតិកាលទី៦ នឹងបើកសម័យប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយរាជរដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។ សម្តេចតេជោ នាយករដ្ឋមន្ត្រីនឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្មីលើកដំបូងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨៕