ភ្នំពេញ ៖ បុរសជាកូនថៅកែកាប់ជ្រូកម្នាក់ រួមទាំងបក្សពួក ២នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការណ៍ជាមួយនគរបាលការិយាល័យចរាចរណ៍ផ្លួវគោក នៃស្នងការ នគរបាល រាជធានីភ្នំពេញ ឃាត់ខ្លួននៅព្រឹកថ្ងៃទី១៥ ខែសីហា នេះបន្ទាប់ ពីជិះរថយន្តម៉ាក ឡីចស៊ីសលេខ៥៧០ ពាក់ស្លាកលេខរដ្ឋមួយគ្រឿង បើកឡើងសួនច្បារ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បាក់ដល់ដី ហើយម្ចាស់ រថយន្តបង្កបាននាំបក្សពួកទៅភ្ជង់ម្ចាស់រថយន្តស្ទួចរបស់សមត្ថកិច្ច អោយយករថយន្តបង្កនោះទៅទុកក្នុងផ្ទះរបស់ខ្លួន ។
គ្រោះថ្នាក់ចរាចររណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ២នឹង១៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខ វិទ្យាល័យឬស្សីកែវ ស្ថិតនៅក្នុងភូមិ មិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ជនបង្កហេតុដល់ដែលត្រូវឃាត់ខ្លួន១. ទ្រី ដារិន ភេទប្រុសអាយុ៣៨ឆ្នាំ ជាកូនថៅកែកាប់ជ្រូក ជាម្ចាស់រថយន្តស៊ីសលេខ៥៧០ពណ៌ស ពាក់ស្លាកលេខរដ្ឋ ០៧ ២.៨៩៨៩ ដែលបង្កគ្រោះថ្នាក់ បុកបង្គោលភ្លើង ។២. ឈ្មោះ ស្រ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើកបរ រថយន្តដឹកជ្រូក និង៣.ឈ្មោះ អ៊ុល ផានិត ភេទប្រុសអាយុ ២៥ឆ្នាំ ជាកម្មករសំណង់ ឃាត់ខ្លួន ក្នុងប្រតិបត្តិការ។ បន្ទាប់ ពីឃាត់ខ្លួន នគរបាលក៍បានដកហូត បានកាំភ្លើង ម៉ា ប៉េអាតា មួយ ដើមដែលជនសង្ស័យលាក់ទុក នៅក្នុង កន្លែង ដាកទឹក បាញ់បង្គាន់ ជាន់ទី២នៅការដ្ឋាន សំណង់សង់ថ្មី នៅភូមិ ខ១ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ព្រមទាំង ដកហូតបានវត្ថុតាង រថយន្តដែលបង្កគ្រោះថ្នាក់ បុកបង្គោលភ្លើង នោះមកវិញ ។
តាមនគរបាល បានអោយដឹងថា នៅវេលាយប់ថ្ងៃកើតហេតុ ជនសង្ស័យដែលជាកូនថៅកែកាប់ជ្រូកបានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពាក់ស្លាកលេខរដ្ឋ ខាងលើ ធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ។ខណៈពេលបើកមកដល់ចំណុចកើតហេតុក៍បានជ្រុលចង្កូតទៅបុកក្បាលសួនច្បារ និងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាប ដល់ដី ។
តាមព័ត៌មានអោយដឹងថា បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ បានគេចបាត់ ហើយនគរបាលមូលដ្ឋានក៍បានហៅ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកចុះទៅវាស់វែង និងស្ទួចយកទៅដាក់ការិយាល័យ ដើម្បីដោះស្រាយសងការខូចខាតនៅពេលករោយ។
តាមព័ត៌មានអោយដឹងទៀតថា នៅវេលាទាបភ្លើង នោះពេល ដែលរថយន្តស្ទួចបានទៅដឹករថយន្តបង្កនាំយកទៅដល់វត្ត ទួលសន្តិវ័ន ហៅវត្តទួលអស់លោក ស្រាប់តែជនសង្ស័យ ដែលជាម្ចាស់រថយន្ត រួមទាំងគូកន បានបើករថយន្ត ម៉ាកកូរ៉ូឡាពណ៌ទឹកប៊ិចមួយគ្រឿង ពាក់ស្លាកលេខកណ្តាល ២ អា ១២៤៦មួយ គ្រឿង ហើយធ្វើសកម្មភាពភ្ជង់រថយន្តស្ទួច អោយនាំយករថយន្តបង្កយកទៅដាក់ផ្ទះរបស់ខ្លួនវិញ ។
តាមនគរបាល អោយដឹងទៀតថា បន្ទាប់ពីមានករណីភ្ជង់យកវត្ថុតាងនគរបាល ការិយាល័យចរាចរណ៍ ក៍បានចុះទៅដល់កន្លែងកើតហេតុ រាយការណ៍ទៅនគរបាលខណ្ឌឬស្សីកែវ និងរាយការណ៍ ទៅព្រះរាជ្ញអាជ្ញារង សៀង សុខ ចុះទៅឡាមព័ទ្ធឆែកឆេរ ដកហូតរថយន្តបង្ក ព្រមទាំងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ដែលក្នុងនោះ មានម្នាក់ជាម្ចាស់រថយន្ត ជាអ្នកមានកាំភ្លើង និងកម្មករសំណង់ម្នាក់ ដើម្បីសាកសួរ។នៅព្រឹកនោះ នគរបាលក៏បានដកហូតរថយន្ត២គ្រឿង និងកាំភ្លើង មួយដើមផងដែរ៕