ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៦ ខែសីហា នេះ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីជនជាតិចិនម្នាក់ដែលបើករថយន្តបំបុកបណ្តាលឱ្យចោរឆក់ទូរស័ព្ទស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ជាផ្លូវការហើយ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពុំអាចទំនាក់ទំនងសុំការបញ្ជាក់បានទេ ដោយសារលោកជាប់បេសកកម្មនៅក្រៅប្រទេស ។
ប៉ុន្តែប្រភពព័ត៌មានគួរឱ្យទុកចិត្តបាន បង្ហើបប្រាប់ថា កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីជនជាតិចិនរូបនេះចំនួន៣បទល្មើស គឺ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា២១៨ និង មាត្រា២២៤នៃក្រមព្រហ្មទណ្ឌ និង បទបើកបរគ្មានប័ណ្ណបើកបរត្រឹមត្រូវ តាមមាត្រា៧៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
ប្រភពព័ត៌មាន បញ្ជាក់ទៀតថា បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទរូបនេះ។
បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។
បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា២២៤នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ។
ដោយឡែកបទល្មើសបើកបរគ្មានប័ណ្ណបើកបរ កំណត់ការពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ៨០ម៉ឺនរៀល។
រឿងក្តីនេះ លោកបណ្ឌិតសុខ ទូច ក៏បញ្ចេញមតិផងដែរ ។ ក្នុងឋានៈជាប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បញ្ជាក់ថា “វាគួរតែនាំប៉ូលីស ឬអាជ្ញាធរ ដែលពាក់ព័ន្ធទៅតុលាការដែរ ព្រោះគ្មានសមត្ថភាពរក្សាសន្តិសុខជូនដល់ប្រជាជនស្លូតត្រង់”។
លោកសុខ ទូច បន្តថា បើខ្ញុំក៏ធ្វើបែបនេះដែរ ព្រោះអ្នកជិះម៉ូតូគ្រោះថ្នាក់ចំពោះក្រុមនេះច្រើនណាស់។ គួរត្រូវផ្ដល់មេដាយដល់ស្ត្រីនេះ បើសិនរឿងនេះជាការពិត។ យើងដឹងថា ធ្វើបែបនេះជាទោសឧក្រិដ្ឋ តែក្រុមនេះសាហាវណាស់។ គួរតែបង្កើតច្បាប់ដោយឡែកទៅលើជនបែបនេះ។
គួរបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃអាទិត្យទី១២ ខែសីហា នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ មុខផ្ទះលេខ៥៤ ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ស្ត្រីជនជាតិចិនមានឈ្មោះ ថាង យៀន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ចំណែកចោរឆក់ទូរស័ព្ទដែលស្លាប់មានឈ្មោះ បេ សុភាដេវីត ភេទប្រុស អាយុ២៤ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣២A ផ្លូវលេខ២៨០ ក្រុម ៤៣ ភូមិ ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន និងអ្នករបួសធ្ងន់ឈ្មោះ សារុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២៥០ ផ្លូវលេខ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ៕